ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅស្រុករមាសហែក៩នាក់នាំគ្នាសម្អាតស្មៅនៅក្នុងចំការដំឡូងប៉ះអាវុធគីមីរបស់អាមេរិក បណ្ដាលឲ្យមានបញ្ហាសុខភាពត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រុសស្រី៩នាក់បាននាំគ្នាសម្អាតស្មៅនៅក្នុងចំការដំឡូង ចៃដន្យក៏ប៉ះចំអាវុធគីមីរបស់អាមេរិក ធ្វើឲ្យមានបញ្ហាសុខភាព ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមលោក កែរ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានប្រាប់លោកយឹមសុថានភ្នាក់ងារកាសែតនគវត្តប្រចាំខេត្តអោយដឹងថាពិតជាមានករណីខាងលើនេះមែនខណះដែល ប្រជាពលរដ្ឋប្រុសស្រីទាំង៩នាក់នោះរស់នៅភូមិព្រៃក្តី ឃុំគគីរ ស្រុកមាសហែក បាននាំគ្នាសម្អាតស្មៅចំការ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹកក៏ប៉ះចំគ្រាប់បែកគីមី ដែលកន្លងមកក្រុមមន្ត្រីជំនាញរបស់ស៊ីម៉ាក់ មិនធ្លាប់បានរុករកគ្រាប់បែកគីមីនៅឡើយទេ។

លោកប្រធានមន្ទីរបានបន្តថា ប្រជាពលរដ្ឋទាំង៩នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកស្រុករមាសហែក ដែលមានអាការៈថប់ដង្ហើម និងរមាស់លើស្បែកផ្សារភ្នែក ក្រហាលក្រហាយក្នុងខ្លួនខណះមិនមានអ្នករងគ្រោះដល់អាយុជិវិតនោះទេ។

ចំពោះជនរងគ្រោះទាំង៩នាក់មាន៖ ១ លោកស្រីពៅ ណៃ អាយុ៤៧ឆ្នាំ, ២ លោកស្រី ហែម ស៊ាត អាយុ៥៣ឆ្នាំ, ៣. លោកស្រី ចាប សេន អាយុ៥៤ ឆ្នាំ ៤. លោកស្រី សូ ណេង អាយុ៤៩ ឆ្នាំ ៥. លោកស្រី ស្រី ណុប អាយុ២៥ ឆ្នាំ ៦. លោកស្រី ចាប សឿន អាយុ៥០ឆ្នាំ ៧. លោក អ៊ូ រិន អាយុ៤៥ ឆ្នាំ ៨. លោកស្រី ហ៊ីង ណាក់ អាយុ៤០ឆ្នាំ និងទី៩. លោកស្រី ពុត ស៊ាត អាយុ៤៥ ឆ្នាំ ។

ពាក់ព័ន្ធករណីគ្រាប់បែកគីមីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឲ្យប្រើកញ្ចប់ថវិកា ពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ព្រោះសម្តេចគ្មានសង្ឃឹមថា សហរដ្ឋអាមេរិកទៅយកគ្រាប់បែកគីមីពីរគ្រាប់ បន្សល់ពីសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ នៅលើទឹកដីនៃខេត្តស្វាយរៀងនោះឡើយ បើទោះបីជាផ្លូវច្បាប់ទាំងសហរដ្ឋអាមេរិក និងសហការសហប្រជាជាតិ មានតួនាទីចូលរួមទទួលខុសត្រូវលើអាវុធគីមីនេះក្តី ដោយយោងទៅតាម​ អនុសញ្ញាអន្តរជាតិ សី្តពីអាវុធគីមី​របស់អង្គការសហប្រជាជាតិ។

អគ្គនាយកស៉ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់ប្រាប់ថា គ្រាប់បែកគីមីដែលរកឃើញនៅខេត្តស្វាយរៀង ជា​ប្រភេទ ​Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រសិនបើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។ គ្រាប់បែកគីមីនេះ ស៉ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៉ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។

គួររំលឹកថា អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ​ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកម្ទេចពួកយៀកកុង​ ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕ យឹម សុថាន