ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញអាវុធAKបត់១ដើមនិងគ្រាប់២៥គ្រាប់នៅកែងភ្លឺស្រែ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាអាជ្ញាធរឃុំ ខណៈប្រទះឃើញអាវុធAKបត់១ដើម និងគ្រាប់មួយចំនួនកាលពីវេលាម៉ោង៦ព្រឺក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចវាលស្រែភូមិអំពិល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមបុរសឈ្មោះម៉ុន ដារ៉ា អាយុ៤២ធ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអំពិល ឃុំម៉ឺនជ័យ ស្រុករំដួលបានឲ្យដឹងថា មុនប្រទះឃើញកាំភ្លើង គាត់បានដើរទៅមើលស្រែខាងក្រោយផ្ទះប្រមាណជា២០នាទី ក៏មានការសង្ស័យដូចជាកាំភ្លើងនៅឯភ្លឺស្រែហើយខណៈនោះ ក៏កាយមើលស្រាប់តែមានការភ្ញាក់ផ្អើលតែម្ដង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ភ្លាម សមត្ថកិច្ចប៉ុស្តិ៍ ក៏ដូចជានគរបាលជំនាញស្រុក និងខេត្តបានចុះមកពិនិត្យជាក់ស្ដែងឃើញថា អាវុធនេះ ម៉ាកAKបត់១ដើម ផលិតនៅប្រទេសចិន លេខ១៧០០៥៧៦៨ បង់១ និងមានគ្រាប់២៥គ្រាប់។

NKD-36x6_outline

ក្រោយពីពិនិត្យរួច សមត្ថកិច្ចនគរបាកបានយកអាវុធនេះមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួល និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណាដែលប្រទះឃើញវត្ថុដែលមានការសង្ស័យ សូមរាយការណ៍និងសហការជាមួយសមត្ថកិច្ចមូលដ្ឋានភ្លាមៗ៕ យឹម សុថាន