ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមតវ៉ាទាមទារស្រះទឹក និងប្រឡាយដែលមេភូមិលួចលក់

ភ្នំពេញ៖ ពលរដ្ឋយ៉ាងហោចណាស់ ៤០គ្រួសាររស់នៅក្នុងភូមិចាក់ជ្រូក សង្កាត់ សំរោងក្រោម ខណ្ឌដង្កោ (បច្ចុប្បន្នស្ថិត ក្នុងភូមិសាស្ត្រខណ្ឌពោធិ័សែនជ័យ) រាជ ធានីភ្នំពេញកាលពីពេលថ្មីៗនេះបានផ្ទុះការតវ៉ាជាថ្មីស្វែងរកកិច្ចអន្តរាគមន៍ទាម ទារយកស្រះទឹក និងប្រឡាយដែលមេភូមិបានលួចលក់យកមករក្សាទុកជាប្រយោជន៍សាធារណៈវិញ ។

យោងតាមពាក្យបណ្ដឹងកាលពីពេល កន្លងទៅរបស់អ្នកភូមិដែលផ្ញើទៅកាន់លោកអភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា នារដូវប្រាំងពលរដ្ឋចំនួន៨០គ្រួសារបានប្រើប្រាស់ទឹកស្រះខាងលើសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែក្រោយមកក៏ត្រូវ បានមេភូមិចាក់ជ្រូកឈ្មោះ អាន ពៅ លួច លក់ស្ងាត់ៗទៅឲ្យឈ្មួញដីឈ្មោះជិន ស៊ីវ៉េត ហើយបានយកលុយបន្តិចបន្តួចទៅចែក ឲ្យពលរដ្ឋ៤០គ្រួសារជារបៀបបិទបាំង តែ ៤០គ្រួសារទៀតពុំបានយល់ព្រមឡើយ។

ជាមួយគ្នានេះប្រឡាយទឹកមួយចំនួនត្រូវបានមេភូមិរូបនេះឃុបឃិតលក់ឲ្យគេចាក់ដីសង់ផ្ទះផងដែរ។ ក្នុងស្ថានភាពបែបនេះក្រុមប្រជាពលរដ្ឋានទាមទារឲ្យមាន ការជួយអន្តរាគមន៍យកស្រះ និងប្រឡាយទឹកដែលពួកគាត់ធ្លាប់ប្រើប្រាស់មករក្សាទុកជាប្រយោជន៍សាធារណៈរបស់ភូមិវិញ ។

គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅផ្ទៃដីស្រះដែលមានទំហំ២៥,៥៦អា នោះកំពុងត្រូវបានគេដឹកដីចាក់លុបជា បណ្ដើរៗហើយដោយតំណាងឲ្យឈ្មួញ ទិញដីនោះបាននិយាយថាបើសិនជាគ្មានការឯកភាពពីចៅសង្កាត់ និងអភិបាល ខណ្ឌគេក៏មិនហ៊ានចាក់ដីដែរ ។

ពាក់ព័ន្ធបញ្ហានេះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ថា លោកពុំបានដឹងពីសំណុំរឿងនេះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយលោក ប៉ិល កុសល អតីត អភិបាលខណ្ឌដង្កោធ្លាប់បានចេញលិខិតមួយដោយឲ្យប្រជាពលរដ្ឋរក្សាស្រះទឹក ខាងលើឲ្យបានខ្ជាប់ខ្ជួនដើម្បីធានាការប្រើប្រាស់ទឹក ។

ចំណែកលោក ក្រូច ផាន អតីតអភិបាលខណ្ឌដង្កោដែរនោះក៏ធ្លាប់បានចេញលិខិតមួយផងដែរដោយហាមដាច់ខាតមិនឲ្យ អាជ្ញាធរលក់ដី ជួល បញ្ចាំ បែងចែកអចលន ទ្រព្យរបស់រដ្ឋដែលមានកំណត់ក្នុងច្បាប់និងទ្រព្យសម្បត្តិសាធារណៈទ្រព្យរួមរបស់ សង្កាត់ ភូមិ សហគមន៍ ក្រុមឡើយ ដែល នេះបានបញ្ជាក់យ៉ាងច្បាស់ថា ការលក់និង ការទិញដីស្រះទឹកខាងលើដែលជាទ្រព្យសម្បត្តិសាធារណៈរបស់ភូមិជាការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ ៕ ហេង សូរិយា