ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋភ្ញាក់ផ្អើលដោយសារពស់ថ្លាន់មួយក្បាលលូនមកកន្លែងតាំងពិព័រណ៌ថៃនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ មានប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវនៅខាងមុខអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានប្រទះឃើញពស់ថ្លាន់មួយក្បាល កំពុងលូនកាត់ផ្លូវ ក៏ចុះពីលើរថយន្តរួចចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង ដើម្បីរក្សាទុកប្រគល់ឲ្យមន្រ្តីសង្កាត់រដ្ឋបាលជលផលស្វាយរៀង យកទៅដាក់កន្លែងសុវត្ថិភាពដើម្បីអភរក្ស។រីឯពលរដ្ឋនិយាយថាប្រហែលជាពស់ថ្លាន់នេះ ចង់មកមើលគេតាំងពិព័រណ៌ថៃហើយមើលទៅ ទើបខំលូនចេញពីព្រៃមកកាត់ថ្នល់ ក៏ប៉ុន្តែមិនទាន់បានទៅដល់កន្លែងតាំងពិព័រណ៌ផង ក៏ត្រូវអ្នកធ្វើដំណើរប្រទះឃើញ នាំគ្នាស្ទាក់ចាប់បានរួចយកប្រគល់ឲ្យសមត្ថកិច្ច ខ្លាចមានជនខឹលខូចចាប់យកទៅលក់ ឬយកទៅសម្លាប់ពន្លះសាច់ក្លែម ។

ហេតុការណ៍នេះត្រូវបានពលរដ្ឋប្រទះឃើញកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា នៅយប់មិញនេះ មានពលរដ្ឋបានចាប់បានពស់ថ្លាន់មួយក្បាល ប្រវែងប្រហែល៣ម៉ែត្រ ទម្ងន់ប្រមាណជិត២០គីឡូក្រាម មកប្រគល់ឲ្យសមត្ថកិច្ច ដើម្បីរក្សាទុករង់ចាំម្ចាស់គេមកយកទៅវិញ ហើយបើគ្មានម្ចាស់ទេសមត្ថកិច្ច និងប្រគល់ឲ្យខាងជំនាញសង្កាត់រដ្ឋបាលជលផលស្វាយរៀងយកទៅអភិរក្ស ៕ យឹម សុថាន

chanroth-975

chanroth-974