ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋម្ចាស់ចម្ការប្រទះគ្រាប់ធុនយក្សទម្លាក់ពីលើយន្តហោះក្នុងអំឡុងសង្រ្គាម

ខេត្តត្បូងឃ្មុំ ៖ គ្រាប់ប្រភេទMK82 ដែលទម្លាក់ពីលើយន្តហោះត្រូវបានគេប្រទះឃើញនៅក្នុងដីចម្ការដំឡូងរបស់ប្រជាពលរដ្ឋឈ្មោះ ទ្រី ស៊ីណុន ភេទប្រុស រស់នៅភូមិ ត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូង ឃ្មុំ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។

មន្រ្តីស៊ីម៉ាក់ប្រចាំការនៅខេត្តត្បូងឃ្មុំប្រាប់ឲ្យដឹងថាក្រោយពីទទួលដំណឹងរបស់នគរបាលស្រុកតំបែរដឹងថាមានគ្រាប់នៅក្នុងភូមិសាស្រ្តដីចម្ការដំឡូងរបស់ប្រជាពលរដ្ឋនោះមន្ត្រីសីុម៉ាក់ក៏បាននាំគ្នាប្រញាប់ចុះទៅពិនិត្យមើលកាលពីព្រឹកថ្ងៃទី៩ មករា ឃើញថា គ្រាប់នោះគឺនៅគុណភាព១០០ ភាគរយថែមទាំងមិនទាន់ផ្ទុះទៀត ។

NKD-36x6_outline

មន្រ្តីអង្គការCMAC ប្រាប់បន្តថា គ្រាប់ ប្រភេទ MK82នេះត្រូវបានគេទម្លាក់ពីលើយន្តហោះក្នុងអំឡុងសង្រ្គាមឆ្នាំ១៩៧០ -១៩៧៥ តែមិនផ្ទុះនិងកប់នៅក្នុងដី ចម្ការរបស់ប្រជាពលរដ្ឋ បើនិយាយពី កម្លាំងរបស់គ្រាប់នេះគឺមានឥទ្ធិពលខ្លាំង ក្លាណាស់ ។ ប្រសិនបើផ្ទុះវិញក្នុងផ្ទៃដី ប្រមាណ៥០០ម៉ែត្របួនជ្រុងមនុស្សនឹង ត្រូវទទួលរងផលប៉ះពាល់បណ្តាលឲ្យ របួស និងស្លាប់មិនខាន ។

គ្រាប់នេះត្រូវបានក្រុមការងារស៊ីម៉ាក់យកលើកដាក់លើរថយន្តដោយមានការប្រុងប្រយ័ត្ន កាលពីព្រឹកថ្ងៃទី៩មករាកន្លង ទៅហើយដឹកយកមករក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការស៊ីម៉ាក់ខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្នសិនទៅតាមបច្ចេកទេស ដើម្បីចៀសវាងការផ្ទុះ ហើយនឹងដឹកបន្ត យកទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់នៅខេត្តកំពង់ឆ្នាំង ដើម្បីកម្ទេចចោលក្នុងពេលខាងមុខនេះ ៕ ហេង នរិន្ទ្រ

 

tbakhmum