ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរិះគន់មន្ត្រីបម្រើការនៅក្នុងសាលាខេត្តបន្ទាយមានជ័យធ្វើប័ណ្ណឆ្លងដែនក្នុងតម្លៃខ្ពស់

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើមន្ត្រី ដែលធ្វើបណ្ណ័ព្រំដែន (Border Pass) មួយចំនួននៅសាលាខេត្តបន្ទាយមានជ័យ បានលួចធ្វើបណ្ណ័ព្រំដែន Border Pass) មានតម្លៃខ្ពស់ក្នុង១នាក់ពី១៥ម៉ឺនរៀល និង២២០០បាត(ប្រាក់ថៃ) ឲ្យទៅពលរដ្ឋខ្មែរ ដោយសន្យាថា មានរយះពេលពីរទៅបីថ្ងៃប៉ុណ្ណោះ ។

ប្រភពដែលជឿជាក់បានថា ប្រជាពលរដ្ឋ ដែលមកធ្វើបណ្ណ័ព្រំដែនយកទៅធ្វើការ ក្នុងទឹកដីថៃនោះ មានមកពីខេត្តសៀមរាប, បាត់ដំបងជាដើម ដោយគ្រាន់តែភ្ជាប់មកជាមួយនូវឯកសារដូចជាអត្តសញ្ញាណប័ណ្ណ ឬសៀវភៅសំបុត្រកំណើតតែប៉ុណ្ណោះ ។

ប្រភពខាងលើបន្ថែមថា បើយោងតាមអនុក្រិត៦៨ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនក្នុងឆ្នាំ២០០៣ មាននៅក្នុងមានត្រា៩ បានចែងយ៉ាងច្បាស់ថា តម្លៃប័ណ្ណឆ្លងដែនក្នុង១នាក់តម្លៃត្រឹម20000រៀល (ម្ភៃពាន់រៀល) តែប៉ុណ្ណោះ ។

ចំពោះពលរដ្ឋ ដែលរស់នៅខេត្ត ដែលជាប់ព្រំដែនតែប៉ុណ្ណោះ តែបែជាមន្ត្រីមួយចំនួនតូចបានឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយមេខ្យល់ យកប្រាក់ពីពលរដ្ឋនៅក្រៅខេត្ត ដែលជាប់ព្រំដែនច្រើនសន្ធឹកសន្ធាប់ជាថ្នូរ កែតម្រូវឯកសារទៅវិញ ។

កត្តាទាំងនេះហើយ ដែលពលករជាង៤០នាក់ ត្រូវមេខ្យល់បោកយកប្រាក់ ពីពួកគាត់តាមរយះលួងលោម និងសន្យាពីមួយថ្ងៃទៅមួយថ្ងៃខាត់បង់ពេលវេលា ទីបំផុតត្រូវប្រគល់ប្រាក់ និងអត្តសញ្ញាណគ្រប់ចំនួនវិញកាលពីរសៀលថ្ងៃទី៦ខែកញ្ញា២០១៨នេះបន្ទាប់ពីមានការបែកធ្លាយព័ត៏មាន ។

បញ្ហាខាងលើនេះ ដែរ លោក អ៊ំុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកច្រកចេញចូលតែមួយ មានប្រសាសន៍តាមទូរសព្ទ័ថា ចំពោះពលរដ្ឋ ដែលនៅខេត្តជាប់ព្រំដែនទៅធ្វើបណ្ណ័ព្រំដែន Border Pass) មានតម្លៃ២ម៉ឺនរៀលប៉ុណ្ណោះ ដោយភ្ជាប់មកជាមួយអត្តសញ្ញាណបណ័្ណ ឬសៀវភៅសំបុត្រកំណើត តែចំពោះពលរដ្ឋនៅក្រៅខេត្ត ដែលជាប់ព្រំដែនអាចធ្វើបាន តែមានលិខិតស្នាក់នៅបញ្ជាក់ពីអាជ្ញាធរភូមិឃុំ ៕ វណ្ណា