ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋសំណូមពរសាលារាជធានីភ្នំពេញជួយមើលផ្លូវលំភូមិចំរើនផលផង

ភ្នំពេញ ៖ កំណាត់ផ្លូវលំមួយខ្សែ ស្ថិត នៅក្នុងភូមិចំរើនផល ក្នុងសង្កាត់បឹងទំពុន ព្រំប្រទល់ជាប់ជាមួយសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានរងនូវការខូចខាតយ៉ាងដំណំស្ទើរធ្វើដំណើរលែងកើតទៅហើយប្រជាពលរដ្ឋសំណូមពរដល់សាលារាជធានីភ្នំពេញជួយឬទម្លាក់គម្រោងជួសជុលផ្លូវនេះផង ។

កំណាត់ផ្លូវដែលរងការខូចខាតខាងលើនេះលាតសន្ធឹងពីផ្លូវលេខ២៧១ឆ្ពោះ ទៅកាន់ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុននិងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានចម្ងាយជិត ៣.០០០ម៉ែត្រ ទទឹងជាង៥ម៉ែត្រ ។

មន្ត្រីមូលដ្ឋានដែលថ្លែងដោយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កំណាត់ផ្លូវមួយខ្សែខាងលើនេះអាជ្ញាធរមូលដ្ឋានបានលើកគម្រោងស្នើសុំទៅសាលារាជធានីភ្នំពេញដើម្បីជួសជុលយូរមកហើយគឺតាំងពីផ្លូវចាប់ផ្តើមខូចតិចតួចមកម្លេ៉ះ ប៉ុន្តែសាលារាជធានីភ្នំពេញមិនទាន់ទម្លាក់គម្រោងស្ថាបនាជូនប្រជាពលរដ្ឋប្រើប្រាស់ ដូចរបាយការណ៍មន្ត្រីមូលដ្ឋានបានស្នើទៅនោះទេ ខណៈដែលគេដឹងថា ផ្លូវនេះ​ចំណាយថវិកាជួសជុលជាង៧.០០០លាន​ រៀល​នោះ។ ដូច្នេះប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលំមួយខ្សែនេះសំណូមពរដល់លោកអភិបាលរាជធានីភ្នំពេញមេត្តា ជួយស្ថាបនាផ្លូវមួយខ្សែខាងលើនេះឡើងវិញជូនប្រជាពលរដ្ឋផងព្រោះផ្លូវលំមួយខ្សែនេះមានសារសំខាន់ណាស់គឺអាចរំដោះការកកស្ទះចរាចរណ៍ត្រង់ផ្លូវលេខ ២៧១និងផ្លូវលេខ៣៧១ក្នុងភូមិសាស្ត្រខណ្ឌមានជ័យនិងខណ្ឌចំការមនរាជធានីភ្នំពេញ។

ទោះយ៉ាងណាលោកពេជ្រ កែវ មុនី អភិបាលខណ្ឌមានជ័យបានមានប្រសាសន៍ឲ្យដឹងថា លោកមិនមែនព្រងើយកន្តើយបញ្ហានេះទេ ព្រោះកាលពីខែធ្នូចុងឆ្នាំ២០១៥កន្លងទៅ លោកធ្លាប់បានធ្វើសំណើជាលាយលក្ខណ៍អក្សរនិង​រាយការណ៍ទៅកាន់សាលារាជធានីភ្នំពេញម្តងរួចមកហើយ ៕ តាឡឹម

12

13

14