ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ប្រជាពលរដ្ឋស្រុកប្រាសាទសំបូរនៅតែប្រកាន់ភ្ជាប់នូវទំនៀមទំលាប់នេសាទត្រីលក្ខណៈគ្រួសារបែបបុរាណ

ខេត្តកំពង់ធំ៖ នេះគឺជាការនេសាទត្រីដោយកម្រ បន្ទាប់ពីវិទ្យាសាស្រ្តទាន់សម័យកំពុងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ហើយការនេសាទត្រីជាលក្ខណៈគ្រួសារ និងប្រើប្រាស់ឧបករណ៍នេសាទបែបបុរាណ ត្រូវបានបាត់បង់ស្ទើរតែរលាយសាបសូន្យ ព្រោះនាំចូលនូវឧបករណ៍នេសាទទាន់សម័យមកជំនួសវិញ ដែលមានលក្ខណៈងាយស្រួសប្រមូលផលជាង។

មនុស្សសម័យដើម នាំគ្នានេសាទត្រី ដោយប្រើសំណាញ់ អង្រុត ឈ្នាង ថ្នង បាច ជញ្ជាត់ និងឧបករណ៍ជាច្រើនទៀត ហើយការប្រមូលផលនេសាទក៏បានដោយគាប់ចិត្ត និងបន្សល់ដល់អ្នកផងទាំងឡាយ។ តែលុះឈានការប្រើប្រាស់ឧបករណ៍នេសាទទាន់សម័យ ដូចជា ការប្រើម៉ាស៊ីនបូម ស្បៃមុង ឆក់ ដាក់ដៃ លូមុខ១០០ រុញស៊ីប ដាក់ឆ្នុកជាដើម លទ្ធផលគឺទទួលបានផលនេសាទជាច្រើន តែបែរជារលាយហិនហោច ដាច់ពូជមឆ្ឆាជាតិ ធ្វើឲ្យមានការព្រួយបារម្ភពីបញ្ហាស្បៀងអាហារ និងតម្រូវការចាំបាច់ រហូតមានការនាំត្រីចិញ្ចឹមពីប្រទេសជិតខាងចូលមកលក់ក្នុងទីផ្សារវិញ។

ជាក់ស្តែង ប្រជាពលរដ្ឋ៤ភូមិ រស់នៅក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បាននាំគ្នានេសាទត្រីរួមគ្នា ដែលជាប្រពៃណីក្នុងមួយឆ្នាំម្តង ដោយប្រើប្រាស់ឧបកណ៍នេសាទជំនាន់ដើមក្នុងបឹងមួយកន្លែង ឈ្មោះបឹង អូរនាងគង់។ នេះជាការនេសាទតាមការកំណត់របស់អ្នកភូមិ ជារៀងរាល់ឆ្នាំក្នុងខែមករា ដោយអ្នកភូមិមានសិទ្ធិមកនេសាទត្រីនៅបឹងនាងគង់នេះ។ ក្រៅពីខែនេះ ពុំមានការអនុញ្ញាតឲ្យធ្វើការនេសាទនោះទេ។

បងប្រុសម្នាក់ បង្ហើបឲ្យដឹងថា អ្នកភូមិដែលមកនេសាទនៅបឹងនាងគង់នេះ មកពីភូមិកំពូតជ្រូក ភូមិកូនក្អែក ភូមិជម៉ាស ភូមិសំរិត ភូមិត្រពាំងឈូក ហើយការនេសាទនេះ មានមនុស្សរាប់រយនាក់មកនេសាទ ដោយមិនអនុញ្ញាតឲ្យប្រើឧបករណ៍ខុសច្បាប់នោះឡើយ។ ការនេសាទមានភាពសប្បាយរីករាយ អ្នកខ្លះបានតិច អ្នកខ្លះបានច្រើនតាមលទ្ធភាពរបស់ខ្លួន។

ជាមួយគ្នា ប្រជានេសាទរូបនេះ ក៏បានសូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ មេត្តាជួយលុបបំបាត់ឧបករណ៍នេសាទដោយខុសច្បាប់ ដើម្បីរក្សាធនធានធម្មជាតិ។

សូមជម្រាបថា បច្ចុប្បន្ន ថ្វីបើការប្រើឧបករណ៍នេសាទបែបទំនើបផ្ដល់ភាពងាយស្រួលពិតមែន ប៉ុន្តែក៏បានបំផ្លិចបំផ្លាញ និងធ្វើឲ្យវិនាសហិនហោចធនធានធម្មជាតិរបស់យើងច្រើនផងដែរ ដោយសារការនេសាទខុសច្បាប់ពីសំណាក់ជនទុច្ចរិតមួយចំនួន។ មួយឆ្នាំៗ ត្រីសាច់ចេះតែហោចទៅៗ ហើយការនាំចូល មានត្រីចិញ្ចឹមក៏ចេះតែច្រើនឡើងៗ? ៕ ប៊ុនរិទ្ធី