ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ប្រជាពលរដ្ឋហួសចិត្ត​ នឹងនគរបាលប៉ុស្តិ៍ផ្សារចាស់​ ខំចាប់ចោរឲ្យហើយ​ បែរជាប្រើឲ្យសរសេរពាក្យបណ្តឹងខ្លួនឯងទៅវិញ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ​ ២នាក់​ បានធ្វើសម្មភាពកាច់សោ.កម៉ូតូបានសម្រេច​ តែជិះរត់គេចខ្លួនបាន​ មួយម៉ោង​ ក៏ត្រូវម្ចាស់តាមទាន់ជិះដេញបុកបណ្តាលឲ្យដួល​ ឃាត់ខ្លួនឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារចាស់ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង​ជាង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្ទះបោកអ៊ុត​ តាមបណ្ដោយផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ ជនសង្ស័យទាំង​ ២នាក់​ ទី១-ឈ្មោះ នី ហ៊ួច អាយុ​ ២៨ឆ្នាំ និងទី២-ឈ្មោះ ពេជ្យ សុវណ្ណ អាយុ​ ២៥ឆ្នាំ ជនសង្ស័យទាំង​ ២នាក់​ មានមុខរបរ និងស្នាក់នៅ​ មិនពិតប្រាកដ។

ប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូ​ មួយគ្រឿង​ ម៉ាក ស៊ុយសូគីឡែត ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1GW-8385​នៅមុខផ្ទះបោកអ៊ុត មួយកន្លែង​ នៅតាមបណ្ដោយផ្លូវលេខ១៣០ រួចក៏ឡើងផ្ទះយកខោអាវប្រហែសជាកន្លះម៉ោង​។​ ខណៈពេលនោះ​ ជនរងគ្រោះបានចុះមកក្រោមវិញ ស្រាប់តែបាត់ម៉ូតូមិនឃើញ​ ក៏ស្រែកផ្អើលឆោឡោ ហើយតាមរកមើលជាច្រើនម៉ោង លុះដល់វេលាម៉ោង​ ១០ព្រឹក ថ្ងៃដដែល ជនរងគ្រោះបានជិះម៉ូតូដើររកម្តងទៀត ក៏បានប្រទះឃើញជនសង្ស័យ​ ២នាក់ ជិះម៉ូតូរបស់ខ្លួននៅតាមបណ្ដោយផ្លូវលេខ១០៨ ក្បែរធានាគា កាណាឌីយ៉ា ភ្លាមៗនោះ​ ជនរងគ្រោះក៏ជិះសំដៅទៅបំបុកឲ្យជនសង្ស័យទាំង​ ២នាក់​ដួល​ និងស្រែកផ្អើលឆោឡោ​ ភ្លាមៗនោះ​ ក៏ត្រូវកម្លាំងប្រជាការពារខណ្ឌដូនពេញ ដែលនៅជិតនោះជួយដេញចាប់ ហើយប្រគល់ឲ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារចាស់។

ជនរងគ្រោះបានបន្តទៀតថា​ អ្វីដែលជាបញ្ហានោះ​ គឺជនរងគ្រោះបានដេញតាមចាប់ជនសង្ស័យបានហើយ​ តែបែបជាសមត្ថកិច្ចប៉ុស្តិ៍ឲ្យជនរងគ្រោះសរសេរពាក្យបណ្តឹងដោយខ្លួនឯងទៅវិញ។​ ប្រជាពលរដ្ឋមានការលើកឡើងថា​ នេះជាកិច្ចការរបស់សមត្ថកិច្ចដែលត្រូវបំរើប្រជាពលរដ្ឋ​ តែបែបជាសមត្ថកិច្ចមកប្រើប្រជាពលរដ្ឋឲ្យសរសេរពាក្យបណ្តឹងដោយខ្លួនឯងទៀត​។

ជាចុងក្រោយប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្តម​ ឧត្ត​មសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ មេត្តាជួយពិនិត្យមើលមន្ត្រីប៉ុស្តិ៍នគរបាលផ្សារចាស់ផង​ ដែលមិនបានបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ៕ ជ្រោយពេជ្រ


ចែករំលែក៖