ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងស្រុក រំដួលបាននាំគ្នាដាំដំឡូងមីនិងដំណាំរួមផ្សំបន្លែនិងឪឡឹកជាលក្ខណៈគ្រួសារក្រោយពេល ច្រូតកាត់ស្រូវវស្សាដើម្បីបង្កើនជីវភាពរស់នៅឲ្យបានល្អប្រសើរ ។
បើតាមកសិករម្នាក់ឈ្មោះ ប៊ុន ថន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិវាល ឃុំបុស្សមន ស្រុករំដួល បានអោយដឹងថា ក្រោយពីច្រូតកាត់ស្រូវវស្សារួចមកនៅក្នុងខែធ្នូឆ្នាំ១០១៤ ក៏បានភ្ជួរលប់ជញ្ជ្រាំងរួចដាំដំឡូងមីបន្តលើផ្ទៃដីចំនួន៤ហិកតា ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាព ហើយការធ្វើស្រូវវស្សាគឺចាប់ផ្តើមសាបព្រោះនៅចុងខែកក្កដា គឺធ្វើស្រូវស្រាលនិងស្រូវកណ្តាល លុះដល់ខែធ្នូគឺបានច្រូតកាត់ប្រមូលផល់រួចរាល់ក្នុង ១ហិកតាទទួលផលជាមធ្យមបាន២តោនកន្លះទៅ៣តោន ហើយពេលច្រូកាត់រួច ចុងខែធ្នូ ក៏ភ្ជួរលប់ជញ្ជ្រាំងដាំដំឡូងមីបន្តរហូតដល់ខែកក្កដា គឺចាប់ផ្តើមដកដំឡូងមីក្នុង១ហិកតា ទទួលទិន្នផលបាន២៦តោនហើយយកទៅលក់ឲ្យឈ្មួញវៀតណាមបានក្នុង១គីឡូក្រាម តម្លៃ២៥០រៀលក្រោយពីដកដំឡូងមីរួច គឺចាប់ផ្តើមភ្ជួរបង្រាបដីព្រោះស្រូវបន្ត ។
ទាក់ទិនករណីខាងលើលោក សូ ស៊ីភៀន អភិបាលស្រុករំដួលបានមានប្រសាសន៍ថា វិស័យកសិកម្មទូទាំងស្រុករំដួលធ្វើស្រូវវស្សាក្នុងឆ្នាំ២០១៤សម្រេចបាន២២៥៨៧ហិកតាស្មើ និង១០០,៣៧ភាគរយនៃផែនការ២២៥០០ហិកតាទិន្នផលជាមធ្យមក្នុង១ហិកតា២តោន ៦៥០គីឡូក្រាម ។
ចំពោះការធ្វើស្រែប្រាំងអនុវត្តបាន១៨៩ហិកតាលើផែនការ២០០ហិកតាស្មើ៩៤,៥ភាគរយ ទិន្នផលជាមធ្យមក្នុង១ហិកតា៣តោន៨០០គីឡូក្រាម ។ រីឯប្រជាពលរដ្ឋមួយចំនួន ក្រោយពីច្រូតកាត់ប្រមូលផលស្រូវវស្សារួចគឺនាំគ្នាដាំដំឡូងមីសរុប១៧៥ហិកតានិងដាំដំណាំ រួមផ្សំគ្រប់ប្រភេទបាន៨១ហិកតា ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពប្រសើនិងកាត់បន្ថយការ ធ្វើចំណាកស្រុកនិងប្រជាពលរដ្ឋមានការងារធ្វើនៅក្នុងរោងចក្រក្នុងខេត្តបានរស់នៅជួបជុំគ្រួសារ ៕ យឹម សុថាន