ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​២៣​គ្រួសារ​នៅ​ឃុំ​ថ្មដា​មាន​សង្ឃឹម​ក្រោយ​ពី​បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​ ​

ខេត្តពោធិ៍សាត់​៖​ ប្រជាពលរដ្ឋ​២៣​គ្រួសារ​ រស់នៅ​ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ មាន​សង្ឃឹម​ក្រោយ​ពី​បើក​កិច្ចប្រជុំ​រវាង​អង្គការ​សង្គម​ស៊ី​វិល​ នឹង​អាជ្ញាធរ​ខេត្ដពោធិ៍សាត់​ ដោយ​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​នា​ព្រឹក​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​សាល​ប្រជុំ​សាលាខេត្ដ​ពោធិ៍សាត់​ ។​

​មន្ដ្រី​សង្គម​ស៊ី​វិល​មក​ពី​អង្គភាព​ ១-​ សមាជិក​បណ្ដាញ​ដីធ្លី​ និង​សិទ្ធិ​លំនៅ​ឋាន​ សម្របសម្រួល​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្ដី​ពី​កម្ពុជា​,​ ២-​ គណៈកម្មាធិការ​ប្រព្រឹត្ដិកម្ម​ នៃ​អង្គការ​ សហគមន៍​ ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​,​ ៣-​ សមា​គន៍​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​,​ ៤-​ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​ សម្រាប់​សមាគម​ន៍​,​ ៥-​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាត​ហុ​ក​ និង​ ៦-​ អង្គការសិទ្ធិមនុស្ស​លី​កាដូ​ ក្រោយ​ពី​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឱ្យ​ជួយ​អន្ដរាគមន៍​ពាក់ព័ន្ធ​នឹង​ការ​ទំនាស់​ដីធ្លី​ របស់​ពួក​គាត់​នា​ពេល​កន្លង​មក​ ។​កិច្ចប្រជុំ​ ពិភាក្សា​រវាង​មន្ដ្រី​សង្គម​ស៊ី​វិល​ និង​អាជ្ញាធរ​បាន​ជជែក​វែកញែក​រក​ដំណោះស្រាយ​ ពេញ​មួយ​ព្រឹក​ ដោយ​ផ្អែក​លើ​គោលការណ៍​ច្បាប់​កិច្ចប្រជុំ​លទ្ធផល​ទទួល​បានជា​ផ្លែ​ជា​ផ្កា​ ដោយ​ភាគី​ទាំង​សងខាង​រវាង​មន្ដ្រី​សង្គម​ស៊ី​វិល​និង​អាជ្ញាធរ​បាន​ព្រមព្រៀង​ផ្ទៀងផ្ទាត់​សម្រេច​ទទួលយក​ព​ត៌​មាន​ជា​ផ្លូវការ​ទៅ​វិញ​ទៅ​មក​។​

​ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ ទាំង​ ២៣​គ្រួសារ​ខាងលើ​ ដោយ​សុំ​ឱ្យ​រក្សា​នូវ​ភាព​ស្ងប់ស្ងាត់​ រង់ចាំ​ឈាន​ទៅ​រក​កិច្ចប្រជុំ​លើក​ក្រោយ​ដើម្បី​សម្រេច​ដំណោះស្រាយ​ជូន​ពួក​គាត់​ផ្អែក​លើ​ច្បាប់​ និង​ មនោសញ្ចេតនា​រវាង​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​ ៕​ ប៉ឹម​ ពិន​

IMG_4990
IMG_4988
IMG_4989