ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​ តំបន់​ចុងកាត់មាត់ញក ​នៃ​ស្រុក​បា​ធា​យ​ បារម្ភ​អំពី​ការ​បាត់​ សត្វ​ក្របី​

​ខេត្តកំពង់ចាម​ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ ជួយ​ស្វែងរក​ក្របី​របស់​ពួក​គាត់​ជិត​ ៣០​ក្បាល​ ដែល​ក្រុម​ចោរ​បាន​លួច​កាលពី​យប់​ថ្ងៃ​ទី​២៣​ មីនា​។​ ការ​អំពាវនាវ​នេះ​ ស្រប​ពេល​អាជ្ញាធរ​មូលដ្ឋាន​ថា​ពួក​គេ​កំពុង​បើក​ការ​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ​យ៉ាង​យកចិត្តទុកដាក់​។​ ពលរដ្ឋ​រស់នៅ​ឃុំ​សណ្ដែក​ ស្រុក​បា​ធា​យ​ រ​ម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​សន្តិសុខ​នៅ​ក្នុងភូមិ​ស្រុក​ ដោយសារ​មាន​អំពើ​ចោរកម្ម​លួច​ទ្រព្យសម្បត្តិ​ ដូច​ជា​សត្វពាហនៈ​ កើត​មាននៅ​ក្នុងភូមិ​ជាដើម​។​

ពលរដ្ឋ​នៅ​ឃុំ​សណ្ដែក​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ភូមិ​តែងតែ​យក​ក្របី​ទៅ​ឃ្វាល​ឆ្ងាយ​ពី​ភូមិ​ជា​ច្រើន​គីឡូម៉ែត្រ​ រហូត​ត្រូវ​សម្រាន្ត​នៅ​វាល​មួយ​ឈ្មោះ​ថា​ វាល​រមាល​ភេរ​ ឋិត​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​ ជាមួយ​ពលរដ្ឋ​នៅ​ក្នុងភូមិ​ផ្សេង​ទៀត​។​ គ្រួសារ​មួយ​បាត់​ក្របី​សរុប​ចំនួន​ ៧​ក្បាល​ក្នុង​ចំណោម​ក្របី​ ២០​ក្បាល​។​

​ប្រភព​ឲ្យ​ដឹង​ទៀត​ថា​ នៅ​យប់​កើតហេតុ​ គឺ​មាន​មនុស្ស​ចំនួន​ ៤​នាក់​ប្រដាប់​ដោយ​អាវុធ​ សំដៅ​ចូល​មក​កន្លែង​ស្នាក់​នៅ​របស់​ពួក​គាត់​ និង​មាន​ជា​ច្រើន​នាក់​ផ្សេង​ទៀត​នៅ​ចាំ​រថយន្ត​។​ ក្រោយមក​ក៏​មានការ​បាញ់​គំរាម​ពួក​គាត់​ ព្រមទាំង​បិទមុខ​ពួក​គាត់​ទាំង​ ៦​នាក់​ដែល​ដេកចាំ​ក្របី​ មិន​ឲ្យ​ឃើញ​ពី​សកម្មភាព​របស់​ពួក​គេ​ ហើយ​ក៏​កៀង​ក្របី​ជា​ច្រើន​ក្បាល​ឡើង​រថយន្ត​។​ ក្រុម​ចោរ​ ប្រមូល​យក​ក្របី​ណា​ដែល​ធំៗ​តែ​ប៉ុណ្ណោះ​។​

​មេឃុំ​សណ្ដែក​ លោក​ ហ៊ុ​ល​ ញ៉ុ​ង​ មាន​ប្រសាសន៍​ថា​ មាន​ពលរដ្ឋ​ជាង​ ១០​គ្រួសារ​ដែល​រង​គ្រោះ​ ហើយ​មាន​ក្របី​បាត់​ទាំងអស់​ជិត​ ៣០​ក្បាល​ក្នុង​ចំណោម​ក្របី​ជាង​ ៧០​ក្បាល​។​ លោក​បន្ត​ថា​ កន្លង​មក​ធ្លាប់​បាត់​ក្របី​ដែរ​ ប៉ុន្តែ​ការ​បាត់​នោះ​ពុំ​មែន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច​លើក​នេះ​ទេ​ គឺជា​ការ​បាត់​ដោយ​ដាច់​ហ្វូង​ ហើយ​ការ​បាត់​លើក​នេះ​លោក​ហៅ​ថា​ជា​អំពើ​ប្លន់​តែ​ម្តង​។​

លោក​ថា​ ពលរដ្ឋ​ដែល​ចោរប្លន់​ក្របី​ទាំងនោះ​ ជួប​គ្រោះ​ផ្ទួនៗ​គ្នា​ ព្រោះ​កាលពី​ខែវស្សា​ ស្រូវ​ស្រែ​របស់​ពួក​គាត់​ស្កក​ស្ទើរតែ​គ្រប់​គ្នា​ ហើយ​ឥឡូវ​ចោរលួច​ក្របី​ទៀត​។​ លោក​បន្ថែម​ទៀត​ថា​ អាជ្ញាធរ​ និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ កំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​មួយ​នេះ​។​

​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ លោក​ បែន​ រ័​ត្ន​ មាន​ប្រសាសន៍​ថា​ បញ្ហា​នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​បន្ថែម​ទៀត​ ពីព្រោះ​បញ្ហា​កើតឡើង​ហាក់​នៅ​មាន​ភាព​មន្ទិល​សង្ស័យ​នៅឡើយ​ ។​

​ភូមិ​ស្វាយព្រៃ​ ឋិត​នៅ​ក្នុង​ឃុំ​សណ្ដែក​ គឺជា​ភូមិ​មួយ​នៅ​ចុងកាត់មាត់ញក​ ហើយ​ករណី​ប្លន់​គោក្របី​របស់​ពលរដ្ឋ​ពេល​នេះ​ ធ្វើ​ឲ្យ​ពួក​គាត់​មួយ​ចំនួន​នៅ​ក្នុងភូមិ​បារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ ៕ ហេង​ ន​រិ​ន្ទ្រ​

Narin