ព័ត៌មានទាន់ហេតុការណ៍៖

ប្រជា​កសិករ​ក្នុង​ខេត្តរតនគិរី​កំពុង​មមាញឹក​ប្រមូល​ផល​ដំឡូង​មី​ និង​ដំណាំ​ស្វាយចន្ទី​នា​ដើមរដូវ​ប្រាំង​

​ខេត្តរតនគិរី​ ៖​ ប្រជា​កសិករ​ក្នុង​ខេត្តរតនគិរី​កំពុង​មមាញឹក​ក្នុង​ការ​ប្រមូល​ផល​ដំឡូង​មី​ និង​ដំណាំ​ស្វាយចន្ទី​នា​ដើមរដូវ​ប្រាំង​នេះ​។​
​ខេត​ត្ត​រតនគិរី​ គឺជា​ខេត្ត​មួយ​នៅ​ភូមិភាគ​ឦសាន ​នៃ​ប្រទេស​កម្ពុជា​ បើ​យើង​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តរតនគិរី​ឆ្លងកាត់​ខេត្ត​ចំនួន​៣​ គឺ​ខេត្តកំពង់ចាម​ ខេត្តក្រចេះ​ ខេត្តស្ទឹងត្រែង​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​៥៨៨​គីឡូម៉ែត្រ​។​

​រីឯ​ភូមិសាស្ត្រ​នៃ​ខេត្ត​នេះ​ជា​តំបន់​ខ្ពង់រាប​ សំបូរ​ទៅ​ដោយ​តំបន់​ភ្នំ​និង​វាលរាប​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​នេះ​អាច​ប្រកប​របរ​កសិកម្ម​និង​កសិឧស្សាហ៍កម្ម​បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​។​

​ជាក់ស្តែង​ដូច​ជា​នៅ​ក្នុង​ឆ្នាំ​២០១៤​និង​ដើមឆ្នាំ​២០១៥​នេះ​ប្រជា​កសិករ​ជា​ច្រើន​បាន​និង​កំពុង​មមាញឹក​ ព្រមទាំង​សប្បាយ​រីករាយ​ក្នុង​ការ​ប្រមូល​ផល​ពី​ដំណាំ​កសិកម្ម​របស់​ពួក​គាត់​ ដូច​ជា​ដំណាំ​ស្វាយចន្ទី​ និង​ដំណាំ​ដំឡូង​មី​ជាដើម​។​

​ប្រជា​កសិករ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ចំពោះ​ការ​ប្រមូល​ផល​ដំឡូង​មី​របស់​គាត់​គឺ​មាន​ជួប​នូវ​បញ្ហា​ខ្លះៗ​ដូច​ជា​ ខ្វះ​កម្មករ​ក្នុង​ការ​ប្រមូល​ផល​ ។​ រីឯ​តម្លៃ​ដំឡូង​មី​វិញ​នៅ​មាន​កម្រិត​ទាប​នៅឡើយ​ មិន​អាច​ស្មើ​ទៅ​នឹង​តម្លៃ​កម្មករ​បាន​ទេ​។​ ចំណែក​កម្មករ​ដក​ដំឡូង​វិញ​គាត់​បាន​បញ្ជាក់​ថា​ នៅ​ក្នុងឆ្នាំនេះ​គឺ​តម្លៃ​ពលកម្ម​របស់​ពួក​គាត់​បាន​ខ្ពស់​គ្រាន់បើ​ជាង​ឆ្នាំ​មុន​ ដោយ​ក្នុង​១​តោន​ដំឡូង​ស្ងួត​បាន​តម្លៃ​១៦​ម៉ឺន​រៀល​ បើ​គិត​តម្លៃ​មួយ​នាក់​១​ថ្ងៃ​គឺ​ពួក​គាត់​អាច​ទទួល​ជាង​៣​ម៉ឺ​រៀល​ហើយ​តម្លៃ​នេះ​ពួក​គាត់​អាច​ទទួលយក​បាន​ព្រមទាំង​មានចិត្ត​សប្បាយ​រីករាយ​ក្នុង​ការ​ប្រមូល​ផល​ជូន​ដល់​ថៅកែ​ដំឡូង​ផង​ដែរ​។​

​ចំណែក​ប្រជា​កសិករ​ដែល​កំពុង​ប្រមូល​ផល​ពី​ដំណាំ​ស្វាយចន្ទី​វិញ​គាត់​និយាយ​ថា​នៅ​ក្នុងឆ្នាំនេះ​តម្លៃ​គ្រាប់ស្វាយចន្ទី​របស់​ពួក​គាត់​មាន​តម្លៃ​ខ្ពស់​គួរសម​ជាង​ឆ្នាំ​មុន​ ដោយ​ក្នុង​១​គីឡូក្រាម​បាន​តម្លៃ​ជាង​៥០០០​រៀល​ ហើយ​ឆ្នាំ​នេះ​ស្វាយចន្ទី​របស់​គាត់​គឺ​ឆាប់​បាន​ទទួលផល​ជាង​ឆ្នាំ​កន្លង​ទៅ​ ដោយសារ​តែ​រាល់​រដូវ​កន្លង​ទៅ​ស្វាយចន្ទី​ពួក​គាត់​មាន​ផ្លែ​ទុំ​ចាប់ពី​ខែ​២​ រហូត​ដល់​ខែ​៤​ទៅ​ខែ​៥​ ។​ ចំណែក​ឆ្នាំ​នេះ​ស្វាយ​របស់​គាត់​មាន​ផ្លែ​ទុំ​អាច​ប្រមូល​ផល​បាន​ចាប់ពី​ខែ​០១​ដើមឆ្នាំ​តែ​ម្តង​ ធ្វើ​ឲ្យ​ប្រជា​កសិករ​មានចិត្ត​សប្បាយ​រីករាយ​ក្នុង​ការ​ប្រមូល​ផល​ពី​ដំណាំ​ស្វាយចន្ទីរ​នា​ដើមឆ្នាំ​នេះ​ផល​ដែរ​។​

​ពាក់ព័ន្ធ​ទៅ​នឹង​ដំណាំ​កសិកម្ម​នេះ​ដែរ​ លោក​ សយ​ សូ​ណា​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ដែរ​ថា​ ចំពោះ​ប្រជា​កសិករ​ដែល​កំពុង​ប្រមូល​ផល​ដំឡូង​មី​ក្នុងឆ្នាំនេះ​គឺ​បាន​ចំនួន​៥០%​ហើយ​។​ ចំណែក​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​វិញ​បាន​ចំនួន​១៥៤៥០​ ហិ​កតា​ មានការ​ថយ​ចុះ​ជាង​ឆ្នាំ​កន្លង​ទៅ​ចំណែក​តម្លៃ​ដំឡូង​មានការ​ថយ​ចុះ​ប្រមាណ​១០​ទៅ​២០%​ពី​មុន​។​

​ផ្ទៃដី​ដំណាំ​ស្វាយចន្ទី​គឺ​ប្រជា​កសិករ​ដាំ​បាន​ចំនួន​១៧០០០​ហិ​កតា​ទូរ​ទាំង​ខេត្ត​ រីឯ​តម្លៃ​គ្រាប់ស្វាយចន្ទី​មានការ​កើន​ឡើងជា​ឆ្នាំ​កន្លង​ទៅ​ផង​ដែរ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ផល​ដំឡូង​មី​ដែល​ប្រជា​កសិករ​ប្រមូល​បាន​និង​នាំ​ទៅ​លក់​អោយ​ប្រទេស​ជិតខាង​ជា​រៀងរាល់ថ្ងៃ​ដោយ​មាន​ចំនួន​ចាប់ពី​២០​រថយន្ត​ធំៗ​ឡើង​ទៅ​នេះ​បើ​គិត​ជា​មធ្យម​នោះ​៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

9ptd0h12

l5zmvlk6

7sq78tjf