ព័ត៌មានទាន់ហេតុការណ៍៖

ប្រជា​កសិករ​នៅ​ក្រុង​ព្រៃវែង​ខ្លះ​ឈប់​បង្កបង្កើន​ផល​ស្រូវ​ងាក​មក​ដាំ​ម្អម​

ខេត្តព្រៃវែង​៖​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​សង្កាត់​ជើង​ទឹក​ក្រុង​ព្រៃវែង​ ខេត្តព្រៃវែង​ បាន​កែប្រែ​ដី​ធ្វើស្រែ​ប្រាំង​មក​ដាំ​ម្អម​យក​ផល​ជំនួស​វិញ​។​ កសិករ​ថា​ ការ​កែប្រែ​ដំណាំ​ដាំ​ដុះ​នេះ​គឺ​ធ្វើ​ឲ្យ​គាត់​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន​៤​ ឬ​ ៥​ដង​បើ​ធៀប​ធ្វើស្រែ​យក​ផល​ស្រូវ​ក្នុង​មួយ​ឆ្នាំៗ​។​
​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុងភូមិ​ជើង​ទឹក​ខ​ សង្កាត់​ជើង​ទឹក​ ក្រុង​ព្រៃវែង​ ឈប់​ធ្វើ​ស្រូវប្រាំង​ហើយ​ ដោយ​ពួក​គាត់​បាន​បង្វែរ​ដី​ដែល​ធ្លាប់​បង្កបង្កើន​ស្រូវប្រាំង​នោះ​ បែរមក​ដាំ​ម្អម​ជំនួស​ស្រូវ​វិញ​ម្ដង​។​

​អ្នកស្រី​ ហ៊ុន​ គា​ ថ្លែង​ថា​ គាត់​ឈប់​ធ្វើ​បង្កបង្កើន​ផល​ស្រូវ​ ២​ឆ្នាំ​មក​ហើយ​ ដោយ​គាត់​ដាំ​ម្អម​វិញ​ ហើយ​ផល​ដែល​ទទួល​បាន​នោះ​ គឺ​ច្រើន​ជាង​ផល​ស្រូវ​ និង​ចំណេញ​ជាង​បង្កបង្កើន​ផល​ស្រូវ​ រាប់​ទាំង​ពី​ចំណាយ​លើ​គ្រាប់ពូជ​ និង​ថ្លៃ​ភ្ជួរ​រាស់​ ព្រម​ថ្លៃ​ជី​សម្រាប់​ថែទាំ​ជាដើម​។​ របរ​ថ្មី​នេះ​ពិតជា​អាច​ធ្វើ​ឲ្យ​គាត់​មាន​ចំណូល​ប្រចាំ​ថ្ងៃ​ ហើយ​ជីវភាព​ធូរធារ​ជាង​មុន​ ។​

​កសិករ​ដែល​ដាំ​ម្អម​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ក្នុង​រដូវ​ទឹក​ស្រក​ ៧​ ឬ​ ៨​ខែ​ គាត់​រក​ប្រាក់​ចំណូល​ពី​ការ​ដាំ​ម្អម​ កើនឡើង​ ៤​ ឬ​ ៥​ដង​ បើ​ធៀប​នឹង​ផល​ស្រូវ​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដូច​គ្នា​។​
​លោក​ ហ៊ុន​ ហន​ កសិករ​ម្នាក់​ទៀត​បាន​គណនា​ប្រៀបធៀប​នឹង​ការ​បង្កបង្កើន​ស្រូវប្រាំង​ថា​ បើ​ដាំ​ម្អម​នោះ​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​ ដោយ​ផល​ម្អម​អាច​ប្រមូល​បាន​វិល​ជុំ​ប្រចាំ​ថ្ងៃ​ ឬ​ប្រចាំខែ​។

​ក្នុង​មួយ​ស្រែៗ​ គឺ​អាច​ប្រមូល​ផល​បាន​ក្នុង​រយៈពេល​ ១​ខែ​ម្ដង​ ហើយ​ក្នុង​ទំហំ​ដីស្រែ​របស់​គាត់​ ៧០​អា​ គឺ​គាត់​អាច​កាត់​ម្អម​លក់​បាន​រាល់ថ្ងៃ​ដោយ​វិល​ពី​ស្រែ​មួយ​ទៅ​ស្រែ​មួយ​ ទៀត​ ហើយ​ក្នុង​ទំហំ​ដី​នោះ​ គឺ​ប្រមូល​ផល់​បាន​ប្រហែល​ ២​លាន​រៀល​ក្នុង​១​ខែៗ​។​ ចំណែក​រយៈពេល​ប្រមូល​ផល​គឺ​ប្រហែលជា​ ៧​ខែ​ ទៅ​ ៨​ខែ​ក្នុង​មួយ​ឆ្នាំ​។​
​អ្នកស្រី​ មី​ ណ​ម​ រស់នៅ​ក្នុងភូមិ​ស្វាយ​សុ​ខោ​ សង្កាត់​ជើង​ទឹក​ ក្រុង​ព្រៃវែង​ បាន​ថ្លែង​ថា​ គាត់​ស៊ីឈ្នួល​កាត់​ម្អម​ឲ្យ​ម្ចាស់​ស្រែ​ក្នុង​មួយ​ថ្ងៃ​បាន​ប្រហែល​ ១​ម៉ឺន​រៀល​។​

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា​ គាត់​ចំណាយពេល​មួយ​ព្រឹក​ ហើយ​អាច​មើលថែ​ផ្ទះសម្បែង​បាន​ផង​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ គឺ​គាត់​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ដល់​ ក្រុម​គ្រួសារ​ឡើយ​ ។​
​ទោះ​យ៉ាងណា​ពលរដ្ឋ​ដែល​មាន​ស្រែ​ដាំ​ដុះ​ម្អម​ គឺ​នឹង​នៅ​បន្ត​ដាំ​ដុំ​ដដែល​ដោយ​រង់ចាំ​មើល​តម្រូវការ​ទីផ្សារ​កើនឡើង​ ថែម​ទៀត​ ឬ​ក៏​តម្រូវការ​ទីផ្សារ​ថយ​ចុះ​៕
image(134)