ព័ត៌មានទាន់ហេតុការណ៍៖

ប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សេចក្តីជូនដំណឹងលេខ១១៨ សជណ .អ.អ ជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ គ្រឹះស្ថានការស៊ីណូក្នុងខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នៅសាលាខេត្ត ព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ៧១៩ ប្រ ក និង សេចក្តីជូនដំណឹងលេខ១១៨ សជណ អអ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ គ្រឹះស្ថានកាស៊ីណូ ក្រោមអធិបតីយភាពលោកឧត្តមសេនីយ៍ ឯក ឃុន សំបូ អគ្គនាយករងអន្តោប្រវេសន៍តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខផល អគ្គនាយកអន្តោប្រវេសន៍ លោកស្រី ជា លាភ អភិបាលរងខេត្ត លោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និង មានការអញ្ជើញចូលរួមពីសំ​ ណាក់លោក លោកស្រី អភិបាលរងក្រុង/ស្រុក ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោក លោកស្រី តំណាងម្ចាស់ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ គ្រឹះស្ថានការស៊ីណូជាច្រើនាក់ផងដែរ។

បន្ទាប់ពីលោក ភី ឡុងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិនបានអានប្រកាសអន្តរក្រសួងលេខ៧១៩ប្រ ក ចុះថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៨ ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា រួចមក លោកវរៈសេនីយ៍ឯក សាញ់ ណាំ ស្នងការរងទទួលផែនអន្តោប្រវេសន៍ខេត្ត បានអានសេចក្តីជូនដំណឹងលេខ១៨៨សដណ អអ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីកាតព្វកិច្ចធ្វើសៀវភៅការងារ ប័ណ្ណការងារជូនជនបរទេស របស់ម្ចាស់សហគ្រាស គ្រឹះស្ថានកាស៊ីណូ និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ ជាពិសេសម្ចាស់សហគ្រាស គ្រឹះស្ថានកាស៊ីណូ សណ្ធាគារ ដើម្បីឲ្យគាត់យល់កាន់ច្បាស់ ក្នុងការអនុវត្តច្បាប់ការងារ។

លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ និងសហគ្រាស ក្រុមហ៊ុន សណ្ឋាគារ គ្រឹះស្ថានកាស៊ីណូ ទាំងអស់ត្រូវចូលរួមសហការអនុវត្តច្បាប់ ពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា និងកាតព្វកិច្ចធ្វើសៀវភៅការងារ ប័ណ្ណការងារជនបរទេសរបស់ម្ចាស់សហគ្រាស គ្រឹះស្ថានកាស៊ីណូ និង ជនបរទេសដែលមកវិនិយោគឬប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់ និង ពង្រីកការងារជូនដល់ពលករ ជាពិសេសទប់ស្តាត់ពលករជនបទេសមកធ្វើការងារនៅកម្ពុជាមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ។ ដូច្នេះសហគ្រាស ក្រុមហ៊ុន សណ្ឋាគារ គ្រឹះស្ថានកាស៊ីណូ ត្រូវផ្សព្វផ្សាយដល់ពលករទាំងអស់ត្រូវចូលរួមអនុវត្ត និងគោរពតាមយន្តការច្បាប់ ហើយត្រូវបំពេញប័ណ្ណការងារឲ្យសមស្របតាមច្បាប់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះលោកស្រីស្នើរដល់មន្រ្តីជំនាញដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ ការណែនាំ រៀនសូត្រ និងលើកជាសំនួរ ដើម្បីដកពិសោធន៍ការងារ ក្នុងការពង្រឹងសមត្ថភាពសំរាប់យកទៅអនុវត្តទទួលការងារបានទទួលជោគជ័យ។

លោកឧត្តមសេនីយ៍ឯក ឃុន សំបូ អគ្គនាយករងអន្តោប្រវេសន៍ បានមានប្រសាសន៍ថា៖ ការ ផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ៧១៩ប្រ ក ចុះថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៨ ស្តីពីការពង្រឹងការងារអធិ​ការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា និង សេចក្តីជូនដំណឹងលេខ១១៨ សជណ. អ.អ និងច្បាប់អន្តោ​ប្រវេសន្ត ច្បាប់ការងារ ការផ្តល់ទិដ្ឋការ ជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ គ្រឹះស្ថានកាស៊ីណូ គឺដើម្បីឲ្យ​ការ​អនុវត្ត​ឲ្យសមស្របតាមច្បាប់ ព្រះរាជាណាចក្រ​កម្ពុជាក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍ ។​ ដូច្នេះម្ចាស់សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ គ្រឹះស្ថានកាស៊ីណូទាំងអស់​ត្រូវណែ​នាំផ្សព្វផ្សាយដល់ពលករ​បរទេស​ទាំងអស់ដែលធ្វើការងារកន្លែងរបស់ខ្លូនត្រូវ ធ្វើឯកសារឆ្លងដែន និងធ្វើប័ណ្ណ​ការងារ​​ ជា​ពិសេសការផ្តល់ទិដ្ឋការឲ្យបានត្រឹមត្រូវ​ឲ្យសមស្របតាមច្បាប់គតិយុទ្ធ សំដៅការ​គ្រប់​គ្រង​ពលករ​បរទេស និងពង្រឹងការទប់ស្កាត់ពលករបទេសមកធ្វើ​ការងារនៅកម្ពុជា​ដែល​មិនមាន​ច្បាប់អនុញ្ញាតិ។

លោកបន្តថា៖រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើការងារគ្រប់គ្រងពលករបទេស​ឆ្លង​ដែនមកកម្ពុជា និងការធ្វើលិខិតឆ្លងដែន ការផ្តល់ទិដ្ឋការ ការធ្វើប័ណ្ណការងារជាដើម ដូច្នេះត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងយល់ដឹងពីច្បាប់ គោរពតាមយន្តការ​ច្បាប់ របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាព ។ ទន្ទឹមនឹងនេះត្រូវសហការ និងណែនាំដល់សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ គ្រឹះស្ថានកាស៊ីណូ ទាំងអស់ឲ្យចូលរួមអនុវត្តទាំងអស់គ្នាទៅតាមយន្តការច្បាប់ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ៕ ស សារ៉េត