ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូកីឡាជនពិការកម្ពុជា១០១នាក់ទៅចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅម៉ាឡេស៊ី

ភ្នំពេញ៖ អត្តពលិកកីឡាប៉ារ៉ាឡាំពិកកម្ពុជា ប្រមាណ១០១នាក់ ដឹកនាំដោយ លោក យី វាសនា នាយបេសកកម្ម និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានចាក់ចេញពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួម ក្នុងព្រឹកត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី៩ កាលព្រឹកថៃ្ងទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនចេញដំណើរ លោក យី សុភ័ក្ត្រា មន្រ្តីសម្រាបសម្រួលរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានប្រឆប់ឲ្យដឹងថា ប្រភេទកីឡាដែល កម្ពុជាបញ្ជូនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ មានចំនួន១០ប្រភេទកីឡា ដូចជា កីឡា អត្តពលកម្ម បាញ់ធ្នូ ប៊ូខ្យែ បាល់បោះជនពិការភ្នែក លើកទម្ងន់ បាល់ទះអង្គុយ ហែលទឹក វាយកូនឃ្លីលើតុ ថែនភីនប៊ូលីង បាល់ទាត់ជនពិការចលករខួរក្បាលជាដើម ។ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំនេះ ចាប់ដំណើរការប្រកួតពីថៃ្ងទី១៧ ដល់ថៃ្ងទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ។

លោក បន្តទៀតថា កាលពីឆ្នាំ២០១៥កន្លងទៅ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៨ នៅប្រទេសសង្ហបុរី កម្ពុជាបានបញ្ជូនត្រឹមតែ៣ប្រភេទកីឡាតែប៉ណ្ណោះ ប៉ុន្តែឆ្នាំ២០១៧ ប៉ារ៉ាឡាំពិកកម្ពុជា បានបន្ថែមចំនួន៧ប្រភេទកីឡាទៀត ដើម្បីឲ្យប្រភេទកីឡាថ្មីទាំងនេះ ទទួលបានបទពិសោធន៍ពីការប្រកួត ក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់។

NKD-36x6_outline

មន្រ្តីសម្របសម្រួលរូបនេះបានបន្ថែមថា នៅក្នុងចំណោមប្រភេទកីឡាទាំង១០ ដែលគណៈកម្មាធិការយាមយកមេដាយ ជូនជាតិគឺកីឡាអត្តពលកម្ម វាយកូនឃ្លីលើតុ ហែលទឹក ពីព្រោះកីឡាទាំង៣ប្រភេទនេះ ធ្លាប់ដណ្តើមយកមេដាយជាច្រើន មកជូនប្រទេសជាតិនាពេលកន្លែងមក ។

លោក យី វាសនា បានថ្លែងនូវអំណរគុណ ចំពោះសម្តេចតេជោ បានជួយឧបត្ថម្ភ ថវិកាទាំងអស់លើការ ស្នាក់នៅ អាហារ សំបុត្រយន្តហោះ ថ្លៃចុះឈ្មោះសុំសិទិ្ធប្រកួត និងការចំណាយរដ្ឋបាលផ្សេងៗទៀត។ព្រមទាងប្រតិភូកីឡាទាំងអស់(ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូព្យាបាលចលនា និងអត្តពលិកគ្រប់ប្រភេទ)៕ សារីម