ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូសហភាពអឺរ៉ុបធ្វើទស្សនកិច្ចសាលាក្តីខ្មែរក្រហមដើម្បីឈ្វេងយល់ពីដំណើរវិវឌ្ឍន៍ថ្មីៗ

ភ្នំពេញ ៖ គណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោក Stavros Petropoulos មន្ត្រីគោលនយោបាយកិច្ចការបរទេសទទួលបន្ទុកកម្ពុជា នៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ របស់សហភាពអឺរុប បានមកធ្វើទស្សនកិច្ច នៅសាលាក្តីខ្មែរក្រហម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីឈ្វេងយល់ពីដំណើរវិវឌ្ឍន៍ថ្មីៗ របស់តុលាការនៅក្នុងបេសកកម្មស្វែងរកការណ៍ពិត និងយុត្តិធម៌ ជូនពលរដ្ឋកម្ពុជាដែលរងគ្រោះនៅក្នុងរបបខ្មែរក្រហម ។

ក្នុងនោះដែរគណៈប្រតិភូបានទស្សនាសាលសវនាការជួបពិភាក្សាការងារជាមួយចៅក្រម និងមន្ត្រីតុលាការ។

លោក ក្រាញ់ តូនី ប្រធានការិយាល័យ រដ្ឋបាលស្តីទី នៃសាលាក្តីខ្មែរក្រហមបាន ថ្លែងប្រាប់ គណៈប្រតិភូសហភាពអឺរ៉ុប អំពី ការវិវឌ្ឍថ្មីៗ នៃការជំនុំជម្រះក្តីលើទិដ្ឋភាពផ្នែកច្បាប់ រដ្ឋបាល និងហិរញ្ញវត្ថុ កេរ ដំណែលតុលាការ និងការចងចាំ និងការ ទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបប ខ្មែរក្រហម ។

ប្រធានការិយាល័យរដ្ឋបាលស្ដីទីរូបនេះ នៅក្នុងនាមសាលាក្តីខ្មែរក្រហម បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់តុលាការចាប់តាំងពីតុលាការបានចាប់ ផ្តើមមក។

សហភាពអឺរ៉ុបជាម្ចាស់ជំនួយធំមួយ ក្នុងចំណោមម្ចាស់ជំនួយធំៗរបស់សាលា ក្តីខ្មែរក្រហម ហើយរហូតមកទល់ពេលនេះ ជំនួយហិរញ្ញវត្ថុដែលសហភាពអឺរ៉ុបបាន ផ្តល់ដល់សាលាក្តីខ្មែរក្រហម មានចំនួន សរុប១៨.៣៥លានដុល្លារអាមេរិកហើយ ចាប់ពីដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញតាំងពីឆ្នាំ២០០៦មក។

ជាការឆ្លើយតប លោក Stavros Petropoulos បានវាយតម្លៃខ្ពស់ និងទទួលស្គាល់កិច្ចការដែលសាលាក្តីខ្មែរក្រហមបាន បំពេញ ក្នុងដំណើរស្វែងរកយុត្តិធម៌ជូនជនរងគ្រោះរបបខ្មែរក្រហមដែលកិច្ចការទាំងនេះ ពិតជាមានសារសំខាន់ដល់សង្គម ព្រមទាំងបានចូលរួមក្នុងការពង្រឹងការចងចាំ របស់មនុស្សជាតិ ការកសាងធនធានមនុស្ស សម្រាប់កម្ពុជាផងដែរ ៕ សហការី