ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកម្ពុជាឈរលេខរៀងទី៦ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរខ្សាច់លើកទី៥នៅប្រទេសវៀតណាម

ចែករំលែក៖

ប្រទេសវៀតណាម ៖ កីឡាករកីឡាការិនីជម្រើសជាតិរបស់ប្រទេសកម្ពុជាចំនួន ៥ប្រភេទកីឡាដណ្តើមបានចំណាត់ថ្នាក់លេខ៦ក្នុងចំណោមប្រទេសចូលរួមចំនួន៤២ប្រទេសក្នុងទ្វីបអាស៊ីស្មើនឹង១៤ប្រភេទកីឡាមាន១៧២វិញ្ញាសាមានអត្តពលិក សរុប៥.០០០នាក់ ។

នេះបើយោងតាមប្រភពព័ត៌មានរបស់មន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាបានឲ្យដឹង។ ការប្រកួត កីឡាឆ្នេរខ្សាច់លើកទី៥នៅទីក្រុងដាណាងប្រទេសវៀតណាមនោះកម្ពុជាទទួលបានចំណាត់ល្អប្រសើរ។

ជាមួយនឹងការប្រកាសចំណាត់ថ្នាក់ខាងលើនេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានចុះផ្ទាល់ជាមួយកីឡាករកីឡាការិនី កម្ពុជានៅទីក្រុងដាណាងកន្លែងប្រកួតមានប្រសាសន៍ថា សម្រាប់ការប្រកួតលើកក្រោយគណៈកម្មាធិការរៀបចំការប្រកួតកីឡាឆ្នេរខ្សាច់បានចែចូវឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រោះកម្ពុជាគឺជាសមាជិកក្លិបឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេលើក្នុងពិភពលោក ប៉ុន្តែអ្វីៗទាំងនេះមិនទាន់ប្រាកដនៅឡើយទេ។ ជា លទ្ធផលនៃព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរ ខ្សាច់លើកទី៥កម្ពុជាដណ្ដើមបានមេដាយមាសចំនួន៦គ្រឿងមេដាយប្រាក់ចំនួន៦គ្រឿង និងមេដាយសំរឹទ្ធិចំនួន៩គ្រឿងលើប្រភេទកីឡាចំនួន៥ប្រភេទដូចជាកីឡា ចំបាប់ឆ្នេរខ្សាច់បាល់ទះឆ្នេរខ្សាច់ ល្បុក្កតោ វ៉ូវីណាម និង ប៉េតង់ឆ្នេរខ្សាច់ ។ ប៉ុន្តែ ចំបាប់ និង បាល់ទះ រកពុំបានមេដាយនោះ ទេ ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់លើកទី៥ នៅទីក្រុងដាណាងប្រទេសវៀតណាមនោះកម្ពុជាស្ថិតនៅ ចំណាត់ថ្នាក់លេខ៦ក្នុងចំណោម៤២ ប្រទេសដែលចូលរួមប្រកួត ក្នុងនោះប្រទេសចំនួន១០ត្រូវបានគេចាត់ទុកថាស្ថិតក្នុង Top Ranking គឺ វៀតណាមជាម្ចាស់ផ្ទះ លំដាប់លេខ១, ថៃលេខ២, ចិនលេខ៣, អុីរ៉ង់លេខ៤, ម៉ុងហ្គោលីលេខ៥ និង កម្ពុជាលេខ៦, ចំណាត់ថ្នាក់លេខ៧ ប្រទេសកាតារ, លេខ៨ហ៊្សកដានី, លេខ ៩អារ៉ាប់អេមីរ៉ាត និងលេខ១០ម៉ាឡេស៊ី ។ សម្រាប់កីឡាប៉េតង់កម្ពុជារកបានមេដាយមាស ៣គ្រឿង ប្រាក់ ១គ្រឿង និងសំរឹទ្ធិ ៣គ្រឿង ។ ល្បុក្កតោរកបានមេដាយមាស ១គ្រឿង ប្រាក់៤គ្រឿងនិងសំរឹទ្ធិ២គ្រឿង ។ កីឡាវ៉ូវីណាមរកបានមេដាយមាស ២គ្រឿង ប្រាក់ ១គ្រឿង សំរឹទ្ធិ៤ គ្រឿង៕ សារីម

cae cae-1

 


ចែករំលែក៖