ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសទាំង៥ជាសមាជិក BRICSកំពុងតែទទួលបានការចាប់អារម្មណ៍ក្នុងពេលអាមេរិកចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្ម

ប្រទេសរីកចម្រើនថ្មី ទាំង៥ប្រទេស ក្នុងនោះមាន ចិន រុស្ស៊ី ឥណ្ឌា ប្រេស៊ីល អាហ្វ្រិកខាងត្បូង កំពុងតែ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី ប្រទេសអភិ វឌ្ឍន៍ផ្សេងទៀត ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ក្នុងពេលដែលអាមេរិក ដំឡើង ពន្ធ នាំចូលពីបណ្តាប្រទេសជុំវិញពិភពលោក។

ប្រទេសជាសមាជិក BRICS មាន សក្តានុពលយ៉ាងខ្លាំងក្នុងវិស័យសេដ្ឋកិច្ច ទីផ្សារដោយសារតែប្រទេសទាំង ៥ជា សមាជិក មានពលរដ្ឋ ជិតពាក់កណ្តាលនៃ ពលរដ្ឋ ទូទាំងពិភពលោក ទៅហើយ។ ទាំងនោះហើយបានធ្វើឲ្យទីផ្សារប្រើប្រាស់ រីកចម្រើនទាក់ទាញ ប្រទេសជុំវិញពិភព លោក ក្នុងនោះមានអឺរ៉ុប ជាដើម។

កន្លងមកនៅក្នុងកិច្ចប្រជុំ កំពូលលើក ទី១០ ឆ្នាំ២០១៨ របស់ BRICS ដែល បានរៀបចំឡើងក្នុងទីក្រុង Johannesburg ប្រទេស អាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ កំពុងទទួលបានការតាមដានយ៉ាងយក ចិត្តទុកដាក់បំផុត ដោយសារតែភាពមិន ច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ច និង នយោបាយសាកលលោកក្នុងពេល អនាគត។ ពិភពលោកបច្ចុប្បន្ន កំពុងជួបប្រទះនូវបញ្ហាជាច្រើនដូចជា ភាពក្រីក្រ វិបត្តិខ្វះស្បៀងអាហារ និងភាពអត់ការ ងារធ្វើ រួមទាំងបញ្ហាដែលបង្កនូវក្តីបារម្ភរួមដូចជាភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកគ្មានតុល្យភាពជាដើម។

ប្រទេសជាសមាជិក BRICS បានដាក់ គោល ការណ៍សំខាន់មាន៤ចំណុច៖

១៖រក្សាស្ថិរភាពសន្តិសុខសកល ក្រោម ស្រមោលលោកដូណាល់ ត្រាំ៖

សហរដ្ឋអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចជាមូលហេតុមួយជ្រុង ដែលបង្កបញ្ហាប្រឈមដល់ស្ថិរភាពសាកលលោក។ ជាក់ស្តែង បន្ទាប់ពីការកាន់អំណាច មេដឹក នាំរូបនេះ ចាប់ផ្តើមបង្កការប៉ះទង្គិចផ្នែក ពាណិជ្ជកម្មជាមួយប្រទេសចិន និងសហភាពអឺរ៉ុបហើយបានដកខ្លួនចេញពីបណ្តាអង្គការអន្តរជាតិសំខាន់ និងសន្ធិសញ្ញា ជាច្រើនដូចជា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងបម្រែ បម្រួលអាកាសធាតុទីក្រុងប៉ារីស កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ និងអង្គការយូណេ ស្កូជាដើម។

ទង្វើរបស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យស្ថានភាពសាកលលោកប្រែប្រួល និងមិន អាចព្យាករទុកជាមុនបានឡើយ ហើយ ប្រទេសទាំងអស់ក្នុងនោះរួមទាំងប្រទេសជាសមាជិក BRICS អាចនឹងរងផលប៉ះ ពាល់ដូចគ្នា។ ទោះជាយ៉ាងណាភាពមិនប្រាកដប្រជារបស់សហរដ្ឋអាមេរិក អាច បង្កើតឱកាស សម្រាប់ប្លុក BRICS នេះ តួនាទីជាអ្នកថែរក្សាស្ថិរភាពពិភពលោកវិញ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Lin Songtian បាននិយាយថា មហាអំណាចមួយនេះកំពុងស្វែងរករបប ឯកតោភាគី របបការពារនិយម និងការ ពារផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកបាន ចង្អុលបង្ហាញថា “បណ្តាប្រទេសជា សមាជិករបស់ BRICS ត្រូវបញ្ជូនសញ្ញានៃ យុត្តិធម៌ ច្បាប់ ភាពយុត្តិធម៌ និងផល ប្រយោជន៍រួមដល់ពិភពលោក”។ លោក បាននិយាយថា គោលដៅខាងលើនឹង សម្រេចបាននៅក្នុងបរិបទនៃ “ទសវត្សរ៍ មាសទី២ នៃកិច្ចសហប្រតិបត្តិការ” ដោយប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយសហគមន៍អន្ដរជាតិ ដើម្បី អនាគតរួមល្អប្រសើរជាងមុនប្រកបដោយយុត្តិធម៌ និងសមធម៌” ។

២៖ បង្កើនកិច្ចសហការរវាងបណ្តា ប្រទេស ជាសមាជិករបស់ BRICS៖

លោកស៊ីជីនពីង ប្រធានាធិបតីចិន បានចង្អុលបង្ហាញថាបណ្តាប្រទេសជា សមាជិករបស់ BRICS ប្រៀបបាននឹងម្រាម ដៃទាំងប្រាំ ដែលម្រាមដៃនីមួយៗ មាន ចំណុចខ្លាំងរៀងៗខ្លួន។ នៅពេលដែលម្រាមទាំងប្រាំរួមកម្លាំងគ្នា អាចបង្កើតជា កណ្តាប់ដៃដែលមានកម្លាំងដ៏ខ្លាំងដែល អាចបំបាក់សត្រូវបាន។

ក្នុងឆ្នាំ២០១៧ BRICS តំណាងឲ្យចំនួន២៣ភាគរយនៃសេដ្ឋកិច្ចពិភពលោក និង១៦ភាគរយ នៃពាណិជ្ជកម្មពិភព លោក។ បណ្តាប្រទេស BRICS មិនត្រឹមតែជាយន្តការកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច និងពាណិជ្ជកម្មពហុភាគីអន្តរជាតិដ៏ សំខាន់ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាដៃគូពាណិជ្ជកម្មជិតស្និទ្ធគ្នាទៅវិញទៅមកផងដែរ។

យោងតាមគេហទំព័រជាផ្លូវការរបស់ BRICS ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា ក្រុមនេះ ត្រូវបានបង្កើតឡើងក្នុងគោល បំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច នយោបាយ សន្តិសុខ និងការផ្លាស់ប្តូរ រវាងប្រជាជន នឹងប្រជាជន។ កិច្ចប្រជុំកំពូលក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការ BRICS លើវិស័យ ថ្មីៗមួយចំនួនរួមមាន ការថែរក្សាសន្តិភាព ការស្រាវជ្រាវផលិតវ៉ាក់សាំង បញ្ហាយេន ឌ័រ ទេសចរណ៍ និងបដិវត្តន៍ឧស្សាហកម្ម ទី៤។

៣៖ ឱកាសសម្រាប់តំបន់អាហ្វ្រិក៖

សម្រាប់កិច្ចប្រជុំឆ្នាំនេះ ត្រូវបានគេរំពឹង ថា នឹងនាំមកនូវឱកាសដ៏ល្អសម្រាប់តំបន់អាហ្វ្រិក។

ក្នុងនាមជាប្រទេសអាហ្វ្រិកតែមួយគត់ដែលជាសមាជិករបស់ BRICS និងជា ម្ចាស់ផ្ទះ ព្រមទាំងជាប្រធាន BRICS នៅ ឆ្នាំ២០១៨នេះ អាហ្វ្រិកខាងត្បូងនឹង កំណត់ទិសដៅ ដើម្បីជំរុញកំណែទម្រង់សេដ្ឋកិច្ចរបស់អាហ្វ្រិក។ កិច្ចប្រជុំកំពូល នេះ នឹងផ្តល់ឱកាសដល់ប្រទេស អាហ្វ្រិក ខាងត្បូង និងប្រទេសនៅអាហ្រ្វិក ដើម្បី រៀនពីការអនុវត្តល្អបំផុតក្នុងភាពជាសហគ្រិន និងការច្នៃប្រតិដ្ឋពីបណ្តាប្រទេស BRICS ។

៤៖ជំរុញការបដិវត្តន៍ឧស្សាហកម្មទី៤៖

ចំណុចសំខាន់ដែលទាមទារការផ្តោតការយកចិត្តទុកដាក់មួយទៀត នៃកិច្ចប្រជុំ កំពូល BRICS លើកទី១០ គឺបដិវត្តន៍ឧស្សា ហកម្មទី៤ ដែលនឹងក្លាយជាប្រធានបទនៃកិច្ចប្រជុំកំពូលនៅឆ្នាំ២០១៨ នេះ។ ប្រទេស អាហ្វ្រិកខាងត្បូង បានស្នើនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេស BRICS ដើម្បីជំរុញយុទ្ធសាស្ត្រក្នុងភាពជាដៃគូសេដ្ឋកិច្ចរបស់ BRICS ឆ្ពោះទៅរក កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការជំរុញបដិវត្តន៍ឧស្សាហកម្មទី៤៕ ម៉ែវ សាធី