ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីត្រូវការពលរដ្ឋរបស់ខ្លួនបង្កើតកូនឲ្យបានច្រើន

ប្រទេសកូរ៉េខាងត្បូង បានបង្កើតកម្មវិធីជំរុញឱ្យមនុស្សពេញវ័យឆាប់រៀបការ និងបង្កើតកូនចៅដើម្បីបន្ដពូជពង្ស ខណៈដែលទារកកើតនៅក្នុងប្រទេសនេះ ថយចុះគួរឱ្យព្រួយបារម្ភ ហើយបើទុកឱ្យមានស្ថានភាពបែបនេះ ចេះតែបន្ដទៀតនោះ កូរ៉េខាងត្បូងក៏នឹងត្រូវផុតពូជពីផែនដី ។

ចំណែកជប៉ុនវិញ ពលរដ្ឋជាង១ភាគ៤ក្នុងចំណោមពលរដ្ឋទាំងអស់មានអាយុលើសពី៦៥ឆ្នាំហើយចំនួនមនុស្សចាស់ នឹងកើនឡើងរហូតដល់ទៅ៤០ភាគរយនៅឆ្នាំ២០៥៥ពេលនោះចំនួនពលរដ្ឋ សរុបនឹងថយចុះពី១៣០លាននាក់សល់តែ៩០លាននាក់ប៉ុណ្ណោះទាំងនោះជាក្ដីកង្វល់យ៉ាងខ្លាំងពីកង្វះពលរដ្ឋនៅជប៉ុន ។

សរុបប្រជាពលរដ្ឋជប៉ុនថយចុះយ៉ាងខ្លាំង ចំណែកចំនួនមនុស្សចាស់បែរជាកើន ឡើងខ្ពស់ទៅវិញ។ ក្រសួងសុខាភិបាលជប៉ុនបានប៉ាន់ប្រមាណថា ដល់ឆ្នាំ២០២៥ជប៉ុននឹងខ្វះគ្រូពេទ្យរហូតដល់១លាននាក់រួមទាំងគិលានុបដ្ឋាយិកាដើម្បីមើលថែមនុស្សចាស់ ។ការជំរុញឱ្យមានជនអន្ដោប្រវេសន៍ចូលមកនៅក្នុងប្រទេសជប៉ុនគឺជារឿងចាំបាច់បំផុតដើម្បីរក្សា ចំនួនពលរដ្ឋឱ្យនៅថេរបាន។

បច្ចុប្បន្នមានតែ២ភាគរយប៉ុណ្ណោះក្នុងប្រទេសជប៉ុនជាជនបរទេសមករស់នៅ។ ចាប់តាំងពីឆ្នាំ២០០៨មករដ្ឋាភិបាលជប៉ុនបានចាប់ផ្ដើមឱ្យគិលានុបដ្ឋាយិកាមើលថែជនបរទេសដែលរស់នៅក្នុងទឹកដីជប៉ុនដូចជាពលរដ្ឋជប៉ុនអ៊ីចឹងដែរ ។ជនបរទេសដែលទទួលបានការថែទាំខ្ពស់ចាំបាច់ត្រូវចេះនិយាយភាសារជប៉ុន។

មកទល់ពេលនេះមានគិលានុបដ្ឋាយិកាបរទេស៣០៤នាក់ប៉ុណ្ណោះឆ្លងកាត់ការបណ្ដុះបណ្ដាលហើយអ្នកទាំងនោះត្រូវ វិលត្រឡប់ទៅប្រទេសខ្លួនវិញក្រោយបម្រើការងារបាន៣ទៅ៥ឆ្នាំ ។

តាមអ្នកឯកទេសក្នុងរយៈពេល៥០ឆ្នាំខាងមុខជប៉ុនត្រូវការគិលានុបដ្ឋាយិកាដល់ទៅ១០លាននាក់មកពីបរទេសទើបអាចមើលថែទាំមនុស្សចាស់បាន។ ពលរដ្ឋដែលមកពីបរទេសចាំបាច់ត្រូវតែរស់នៅក្នុងប្រទេសជប៉ុនបានយូរអង្វែងទើបអាចក្លាយជាមនុស្សក្នុងសង្គមជប៉ុនជួយដោះស្រាយរឿងនយោបាយបាយបាន ៕ ម៉ែវ សាធី

DSJ-48-06-03-2016