ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ប្រទេសអីុរ៉ង់ ងាកទៅរកចិនក្រោយអាមេរិកដកកិច្ចព្រមព្រៀងនិងត្រៀមបង្កើនទណ្ឌកម្ម

នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចក្រោយ ពេលដែលអាមេរិកដកកិច្ចព្រមព្រៀង បរមាណូជាមួយអីុរ៉ង់ ។ នៅពេលនេះដែរ អីុរ៉ង់ បានបញ្ជាក់សាជាថ្មីពីក្តីរំពឹងនៅក្នុងការបង្កើនទំនាក់ទំនង សេដ្ឋកិច្ចពាណិជ្ជ កម្មជាមួយចិន ហើយអីុរ៉ង់នៅតែបន្តរក្សា កិច្ចព្រមព្រៀងបរមាណូដដែល ជាមួយ ប្រទេស ៥ទៀតដែលបានចុះហត្ថលេខា។

កន្លងមក លោកប្រធានាធិបតីអុីរ៉ង់ ហាស្សាន់ រូហានីបានបញ្ជាក់ជាថ្មីថា បើ ផលប្រយោជន៍របស់អុីរ៉ង់ត្រូវបានការពារ នោះអុីរ៉ង់អាចនឹងរក្សាទុកកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥។ ការអះអាងជាថ្មីរបស់លោក រូហានីបានធ្វើឡើង ក្នុងពេលដែលប្រមុខ ការទូតរបស់លោក គឺលោកម៉ូហាម៉ាត យ៉ាវ៉ាដ ហ្សារីស្វកំពុងស្វែងរកការគាំទ្រនៅបរទេសដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងដែលអាមេរិកទើបបានដកខ្លួនចេញ។

លោកប្រធានាធិបតីអុីរ៉ង់រូហានីបានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចសន្ទនាមួយជាមួយសមភាគីស្រីលង្កាលោកម៉ៃទ្រីប៉ាឡា ស៊ីរី សឺណា។ « ការដកខ្លួនរបស់អាមេរិកជា ការរំលោភលើសីលធម៌ និងរបៀបធ្វើ នយោបាយ និងការទូត ហើយក៏ជាការ បំពានលើច្បាប់អន្តរជាតិ » នេះជាការ បញ្ជាក់របស់លោករ៉ូហានី មុននឹងបន្ថែម ច្បាស់ៗជាថ្មីម្តងទៀតថា ប្រសិនបើ ៥ភាគីហត្ថលេខីផ្សេងទៀតបន្តគោរពតាមកិច្ច ព្រមព្រៀង និងអុីរ៉ង់នៅបន្តទទួលបានផលប្រយោជន៍របស់ខ្លួននោះអុីរ៉ង់ក៏មិនដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះដែរ។

ប្រតិកម្មជាថ្មីរបស់លោករូហានីពេលនេះបានធ្វើឡើង ចំពេលដែលប្រមុខការ ទូតរបស់លោក គឺលោកម៉ូហាម៉ាត យ៉ាវ៉ាដ ហ្សារីហ្វកំពុងស្វែងរកការគាំទ្រនៅបរទេសដើម្បីស្រោចស្រង់កិច្ចព្រមព្រៀង ពិសេស ពីប្រទេសចិន រុស្ស៊ី និងសហភាពអឺរ៉ុបដែលជាភាគីហត្ថលេខីលើកិច្ចព្រមព្រៀង។ « យើងសង្ឃឹមថា ទស្សនកិច្ចក្នុងប្រទេស ចិន និងនៅប្រទេសផ្សេងទៀតពិតជាអនុញ្ញាតឲ្យយើងមើលឃើញកាន់តែច្បាស់ពីអនាគតកិច្ចព្រមព្រៀង » នេះជាការគូស បញ្ជាក់របស់លោកហ្សារីស្វនៅក្នុងជំនួបជាមួយសមភាគីចិនលោកវ៉ាង យី នាថ្ងៃ អាទិត្យ ទី១៣ ឧសភា។

ចំណែកលោកវ៉ាង យីបានឆ្លើយតបវិញដោយមានសុទិដ្ឋិនិយមថា ទស្សនកិច្ចរបស់លោកហ្សារីហ្វនៅគ្រប់ប្រទេសហត្ថលេខីពេលនេះនឹងជួយបង្កើនការយល់ដឹងកាន់តែច្បាស់របស់ប្រទេសនីមួយៗ រួមទាំង ចិនផង ពីជំហររបស់ប្រទេសអុីរ៉ង់ និងជួយឲ្យអុីរ៉ង់ការពារផលប្រយោជន៍ស្របច្បាប់ របស់ខ្លួន។ បន្ទាប់ពីចិន ប្រមុខការទូតអុីរ៉ង់បានបន្តដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងថ្ងៃចន្ទ ទី១៤ ឧសភានេះ រួចបន្តដំណើរទៅកាន់ទីស្នាក់ការអឺរ៉ុបក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកនៅថ្ងៃអង្គារ ទី១៥ ខែ ឧសភា៕ ម៉ែវសាធី