ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសអេក្វាឌ័រប្រកាសអាសន្នក្រោយមានជនភៀសខ្លួនជាច្រើនមកពីប្រទេសវេណេហ្សុ៊យអេឡា

សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋា​ភិបាល​អេក្វាឌ័រ កាលពីថ្ងៃទី ៨ខែសីហា បានប្រកាសអាសន្ននៅខេត្តចំនួន៣នៅជាប់ព្រំដែន ដែលមានជនជាតិវេណេហ្សុ៊យអេឡាជាច្រើនបានភៀសខ្លួនចូលទៅកាន់ប្រទេសនេះ ដោយឆ្លងកាត់តំបន់ភាគខាងជើងប្រទេសកូឡុំប៊ី កើនឡើងខ្ពស់ ។

ការភៀសខ្លួនរបស់ពលរដ្ឋវេណេហ្សុ៊យអេឡា ដោយសារតែបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ មួយវិញទៀត ខ្លាចអំពើហិង្សាកើនឡើង ក្រោយការធ្វើឃាតប្រធានាធិបតីមិនបានសម្រេច ។ នៅក្នុងសេចក្តីប្រកាសរបស់ រដ្ឋមន្ត្រីការបរទេសអេក្វាឌ័រ បានបញ្ជាក់ថា រដ្ឋាភិបាលបានប្រកាសអាសន្ននៅខេត្ត​ចំនួន៣ ដែលមានជនភៀសខ្លួន វេណ​េហ្ស៊ុយអេឡា ច្រើនបំផុត ក្នុងនោះមានខេត្ត Carchi, Pichincha និង Eloro ។

ពាក់ព័ន្ធនឹងការធ្វើឃាតមិនបានសម្រេចដោយយន្តហោះដ្រូន ប្រធានាធិបតីវេណេ ហ្សុ៊យអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ បាន លើកឡើងថា លោកមានភស្តុតាងគ្រប់ គ្រាន់ដែលបញ្ជាក់ពីការណ៍ពិត នៃគម្រោង ធ្វើឃាតលើរូបលោក។ លោកបានអះអាង ទៀតថា អ្នកដែលនៅពីក្រោយឃុបឃិតធ្វើរឿងនេះ គឺ អតីតប្រធានសភាវ៉េណេ ហ្សុ៊យអេឡា មកពីគណបក្សប្រឆាំង។ លោកម៉ាឌូរ៉ូ ហ៊ានអះអាងដូច្នេះ គឺដោយ យោងលើចម្លើយសារភាព របស់មនុស្ស ៦នាក់ ដែលគេចាប់ខ្លួនបាន ក្រោយកើតហេតុការណ៍បំផ្ទុះគ្រាប់បែកតាមយន្តហោះដ្រូន កាលពីថ្ងៃសៅរ៍ទី ៤សីហា។

សូមបញ្ជាក់ថា លោក Julio Borges អតីតប្រធានសភាវេណេហ្សុ៊យអេឡា មក ពីគណបក្សប្រឆាំង បច្ចុប្បន្នកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសកូឡុំប៊ី។ ឆ្លើយតប នឹងបទចោទប្រកាន់នេះ លោកបានអះ អាងថា ពិភពលោកទាំងមូលគ្មាននរណាជឿលើរឿងបោកបញ្ឆោត ឆាកល្ខោនដែល ម៉ាឌូរ៉ូ បានរៀបចំឡើងនេះទេ។ លោក Julio Borges បន្ថែមថា អ្វីដែលម៉ាឌូរ៉ូ ចង់ធ្វើ គឺរៀបអំពើឃាតកម្មក្លែងក្លាយនេះឡើង ដើម្បីយកលេស ចោទប្រកាន់ និងតាម ចាប់អ្នកនយោបាយបក្សប្រឆាំងដាក់គុកតែប៉ុណ្ណោះ។

ដោយយោងតាម វីដេអូថតពេលសួរ ចម្លើយជនម្នាក់ដែលជាអតីតទាហានហើយត្រូវគេចាប់ខ្លួនបានក្រោយកើតហេតុ បាននិយាយបញ្ចេញឈ្មោះ មនុស្ស២នាក់ គឺលោក Julio Borges និង លោក Juan Requesens ដែលជាសមាជិក សភាគណបក្ស ប្រឆាំងដែរ។ យ៉ាងណាមិញ បើយោងតាម ទំព័រTwitter របស់គណបក្ស ប្រឆាំង បានអះអាងថា លោក Juan Requesens ព្រមទាំងប្អូនស្រី ត្រូវបានមនុស្សរបស់ក្រុមស៊ើបការណ៍សម្ងាត់វេណេហ្សុ៊យអេឡា មានគ្នា១៤នាក់ចាប់ឃាត់ខ្លួន និងវាយដំយ៉ាង ដំណំ កាលពីថ្ងៃអង្គារ ទី៧ ខែសីហា។

ដោយឡែក លោក Diosdado Cabello មនុស្សមានអំណាចលំដាប់ទី២ នៅវេណេ ហ្សុ៊យអេឡា និងបច្ចុប្បន្ន ជាប្រធានសភា​ធម្មនុញ្ញនោះ បានប្រកាសថា សភាធម្ម​នុញ្ញ នឹងបើកការប្រជុំ ដើម្បីសម្រេចដក​អភ័យ​ឯកសិទ្ធិសភា របស់សមាជិកសភា​រូបណា ដែលជាប់ចោទពីបទប្រព្រឹត្តអំពើភេរវកម្មប៉ុនប៉ងសម្លាប់លោកម៉ាឌូរ៉ូ។

គួររំលឹកថា សភាធម្មនុញ្ញវេណេ​ហ្សុ៊យ អេឡា ត្រូវបានបង្កើតឡើងក្រោយការ បោះឆ្នោតថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញថ្មី។ សភាធម្មនុញ្ញ នេះមានអំណាចចាត់តាំងសឹងតែគ្មានដែន កំណត់។ សភាធម្មនុញ្ញ ដែលមានតែមនុស្ស របស់បក្សលោកម៉ាឌូរ៉ូជាសមាជិកនេះត្រូវ បានក្រុមគណបក្ស​ប្រឆាំងចាត់ទុកថា ជា ការប្រជែងអំណាចជាមួយសភាជាតិ ព្រោះ ក្នុងសភាជាតិ ក្រុមគណបក្សប្រឆាំងមាន សំឡេងភាគច្រើន៕ ម៉ែវ សាធី