ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ២គ្រាប់នៅដីស្រែ

ខេត្តបាត់ដំបង៖ គ្រាប់កាំភ្លើងផ្លោងទំហំ៦០មិល្លិម៉ែត្រចំនួន១គ្រាប់ និងមីនមិនទាន់ផ្ទុះ២គ្រាប់ ត្រូវបានមេភូមិត្រពាំងដងទឹករកឃើញនៅក្នុងដីស្រែរបស់គាត់រហូតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលលោកមេភូមិភ្ជួរស្រែ ស្រាប់តែគ្រាប់ទាំងនោះបានអណ្តែតចេញពីក្នុងដីតាមអាចម៍បំណះនង្គ័ល ។

ហេតុកាណ៍ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនេះ កើតឡើងកាលពីថ្ងៃពុធ៧កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៥ និង៥៥ នាទី ល្ងាច ត្រង់ចំណុចលើដីស្រែមួយកន្លែង ក្នុងភូមិត្រពាំងដងទឹក ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលជាដីរបស់លោកមេភូមិហប់ ផ្ទាល់តែម្តង ។

លោក រឹម ណោ ភេទប្រុស អាយុ៦៧ឆ្នាំ ជាប្រធានភូមិ រស់នៅត្រង់ចំណុចដីភូមិខាងលើ បានអះអាងថា នៅមុនពេលកើតហេតុលោកបានចុះទៅភ្ជួរស្រែរបស់លោក ប៉ុន្តែបានតែបន្តិចក៏ស្រាប់តែប្រទះឃើញគ្រាប់កាំភ្លើងផ្លោងនិងមីនមិនទាន់ផ្ទុះជាច្រើនគ្រាប់ បានអណ្តែតឡើងមកលើដី បន្ទាប់ពីផ្លែផាលនង្គ័លបានគាស់របើកឡើង ទើបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោកមេភូមិនិយាយទាំងទឹកមុខស្លេកស្លាំងថា ពិតជាសំណាងផុតលេខដែលមិនបានប៉ះទង្គិចឲ្យគ្រាប់នេះផ្ទុះឡើង បើសិនជាផ្ទុះវិញមិនដឹងជាលោកស្លាប់រកបំណែកសពមិនឃើញផងក៏មិនដឹង ។

យ៉ាងណាភ្លាមៗនោះលោកក៏បានរាយការណ៍ទៅសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក ព្រមទាំងបានជូនដំណឹងទៅអង្គភាពស៊ីម៉ាក់ដែលឈរជើងនៅក្នុងតំបន់ខាងលើ ដើម្បីចុះមកត្រួតពិនិត្យ ហើយបានរកឃើញថា គ្រាប់ក្នុងមួយរណ្តៅនោះមានចំនួន៣គ្រាប់ គឺគ្រាប់មីនតោនចំនួន២គ្រាប់ និងគ្រាប់ផ្លោងទំហំ៦០មីល្លីម៉ែត្រចំនួន១គ្រាប់ ។

បច្ចុប្បន្នខាងស៊ីម៉ាក់បានប្រមូលយកទៅរក្សាទុកហើយ ដើម្បីរង់ចាំកម្ទេចចោលទៅតាមនិតិវិធី នៅពេលក្រោយ ៕ សហការី