ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់សម្លាប់ខ្លួនក្រោមដើមព្រីងផ្អើលក្មេងឃ្វាលក្របី

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេងៗឃ្វាលក្របីប្រញាប់រត់មករាយការណ៍ដល់អ្នកភូមិ ខណៈប្រទះឃើញបុរសចងកសម្លាប់ខ្លួនក្រោមដើមព្រីងកាលពីថ្ងៃសុក្រ ១៣កើត​ ខែស្រាពណ៍​ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៤​ ខែសីហា​​ ឆ្នាំ២០១៨​ នៅវេលាម៉ោង៧ និង៣៥នាទីព្រឹក ស្ថិតនៅភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកចន្ទ្រា បានឲ្យកាសែតនគរវត្តដឹងថា បុរសដែលសង្ស័យចងកសម្លាប់ខ្លួនមានឈ្មោះ លីន ម៉ារ៉ា អាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្រ្ទាខេត្តស្វាយរៀង ។

ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋានភ្លាម សមត្ថកិច្ចនគរបាលស្រុកនគរបាលជំនាញ និងគ្រូពេទ្យបានចុះមកពិនិត្យសាកសពជាច្រើនម៉ោងទើបដឹងថា ស្លាប់ដោយចងកពិតប្រាកដមែន ខណៈយកខ្សែចងគោពណ៌ខ្មៅ ចងភ្ជាប់ក្រោមដើមព្រីង ចម្ងាយយខាងក្រោយផ្ទះប្រមាណជិត១០០ម៉ែត្រមុនមានស្លាកស្នាមជាអំពើឃាតកម្មអ្វីនោះទេ ។

តាមក្រុមគ្រួសារបានរៀបរាប់ទាំងទឹកភ្នែកថាប្ដីគាត់គឺមានជំងឺយូរឆ្នាំមកហើយ (សរសៃប្រសាទ)ដោយព្យាបាលមិនធូរស្រាលសោះ ខណៈបានយកទៅព្យាបាលនៅមន្ទីពេទ្យផងដែរ ។

ប្រភពបន្តថា នៅថ្ងៃកើតហេតុបាត់ប្ដីមិនឃើញនៅផ្ទះដូចសព្វដង ក៏ដើររកគ្រប់ទីកន្លែងប្រមាណជាកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលពីក្មេងៗ ឃ្វាលក្របីប្រទះឃើញចងកក្រោមដើមព្រីង ទើបលឹដល់ក្រុមគ្រួសារប្រញាប់រត់ទៅមើលតែម្ដង ។

ក្រោយពីបានពិនិត្យរួចសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន