ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញប្រាសាទមួយនៅកណ្តាលព្រៃឡង់

ខេត្តកំពង់ធំ៖ ប្រាសាទត្រពាំងប្រើស ជាប្រាសាទបុរាណមួយដែលបង្កប់ក្នុងតំបន់ព្រៃឡង់ជាប់ព្រំប្រទល់ជាមួយខេត្ត កំពង់ធំ និងខេត្តក្រចេះ ស្ថិតនៅភូមិ ត្រយង ឃុំសុខចិត្រ ស្រុកសណ្តាន់ ខេត្ត កំពង់ធំ ។ នៅក្នុងដំណើរចុះទៅពិនិត្យ មើលប្រាសាទនេះ កាលពីថ្ង១៣កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា មន្រ្តីឧទ្យានុរក្ស ចូលរួមការពារសម្បត្តិធម្មជាតិនៅក្នុង តំបន់ព្រៃឡង់រួមទាំងប្រាសាទបុរាណ ដែលស្ថិតនៅក្នុងដែនតំបន់ការពារធម្មជាតិនេះ ដើម្បីទុកសម្រាប់សិក្សា ស្រាវជ្រាវ និងទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបម្រើឱ្យវិស័យទេសចរណ៍ ។

ជាមួយគ្នានេះក្រសួងបរិស្ថានបន្តការ ពង្រឹងកិច្ចការពារធនធានធម្មជាតិក៏ដូចជាពង្រឹងជីវភាពសហគមន៍មូលដ្ឋានតាម រយៈទេសចរណ៍ធម្មជាតិ ។ ប្រាសាទ ត្រពាំងប្រើសមាន៣ប្រាសាទតម្រៀបគ្នា គឺនៅទទឹងថ្ងៃ បែរមុខទៅទិសខាងកើត នៅក្បែរប្រាសាទចម្ងាយ១៥០ម៉ែត្រមានត្រពាំងធំមួយ ដែលអ្នកភូមិហៅថាត្រពាំង ប្រើសដែលមានចម្ងាយពីភ្នំជីប្រមាណជា ៥គីឡូម៉ែត្រ ។

NKD-36x6_outline

ទោះបីជាប្រាសាទនេះ នៅក្នុងព្រៃ យ៉ាងណាក្តី ប៉ុន្តែភ្ញៀវទេសចរជាតិ និង អន្តរជាតិមួយចំនួនបានទៅដល់តាមរយៈការធ្វើដំណើរដោយយានយន្តផ្សេងៗ ។ នៅទីនោះមានយាយជី លោកអាចារ្យ និងមានកុដិ រួមទាំងការរៀបចំកន្លែងជាទីសក្ការបូជាមានព្រះអង្គតូចធំផងដែរ ៕ ហេង សូរិយា