ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញរថយន្តកាមរីបាឡែនប្លុងចោល៤ថ្ងៃហើយអត់ឃើញម្ចាស់ទៅយកវិញសោះ

ភ្នំពេញ៖ រថយន្តម៉ាកកាមរីបាឡែន១គ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញប្លុងចោលរយៈពេល៤ថ្ងៃកន្លងមកហើយ នៅក្នុងភូមិក្បាលដំរី ២សង្កាត់កកាប២ ខណ្ឌពោធិ៍សែនជ័យ ដោយមិនដឹងថា មានបញ្ហាអ្វីឡើយ។ លុះដល់វេលាម៉ោង៣រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ត្រូវនិងថ្ងៃ៨រោច ខែមគិសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងប្រជាការពារភូមិឲ្យរាយការណ៏បន្តទៅកាន់នគរបាលចុះទៅពិនិត្យមើល។

រថយន្តកាមរីបាឡែន១គ្រឿងនោះពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Z-4642 ដោយមិនត្រូវបានគេដឹងថា តើម្ចាស់របស់វាឈ្មោះអ្វី មានទីលំនៅនៅឯណានោះទេ។ មិនតែប៉ុណ្ណោះ ក៏មិនបានដឹងថា មានបញ្ហាអ្វីដែរ ទើបានជាបើករថយន្តយកទៅប្លុងចោលបែបនេះ ព្រោះមិនមាននរណាបានឃើញគេបើករថយន្តទៅកាន់ចំណុចនោះដោយផ្ទាល់ភ្នែកឡើយ។

NKD-36x6_outline

ប្រជាពលរដ្ឋបាននិយាយថា រថយន្តនោះសង្ស័យត្រូបានគេយកទៅប្លុងចោលនៅពេលយប់ ហើយគាត់បានប្រទះឃើញតាំងពីវេលាព្រឹកព្រលឹមថ្ងៃទី៨ ខែធ្នូ មកម្ល៉េះ ។ គិតមកទល់នឹងពេលនេះមានរយៈពេល៤ថ្ងៃកន្លងមកហើយ មិនឃើញម្ចាស់ទៅយកវិញសោះ ទើបរាយការណ៍ទៅកាន់កម្លាំងប្រជាការពារ ដើម្បីរាយការណ៍បន្តទៅកាន់នគរបាលចុះទៅពិនិត្យមើលជាក់ស្ដែងតែម្ដង។ ប៉ុន្តែរហូតដល់ល្ងាចថ្ងៃដដែលនោះ នគរបាលមិនទាន់បានចុះទៅដល់នៅឡើយ៕ សុខាសែនជ័យ