ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់ក្នុងស្ទឹងមង្គលបុរីបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតក្នុងទឹកស្ទឹងមង្គលបុរី បានបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយពីបុរសនោះបានបាត់ពីផ្ទះ២ទៅ៣ថ្ងៃមកហើយនោះ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចស្ទឹងមង្គលបុរី នៅភូមិពោធិ៍២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ក្រោយពីកើតហេតុនោះភ្លាមសមត្ថកិច្ចមូលដ្ឋានបានស្រាវជ្រាវស្វែងរកសាច់ញាតិសព ទើបបន្ទាប់មកសមត្ថកិច្ចរកឃើញសាច់ញាតិនិងបានទំនាក់ទំនងយកសពដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។សពបុរសខាងលើត្រូវបានគេស្គាល់ឈ្មោះ ឡុញ ឈិន អាយុ៦៤ឆ្នាំ គ្មានមុខរបរពិតប្រាកដរស់នៅភូមិកើតហេតុខាងលើ។បុរសនោះត្រូវបាន ក្រុមគ្រួសារប្រពន្ធកូនរត់ចោលទៅធ្វើការងារនៅប្រទេសថៃអស់ ទុកឲ្យបុរសនោះដើរតែលតោលដាច់សង្វេកគ្មានគោលដៅច្បាស់លាស់ម្នាក់ឯង ពីព្រោះបុរសនោះប្រពន្ធកូនកាត់កាលចោល។

បើតាមសាច់ញាតិសពសមត្ថកិច្ចឲ្យដឹងថា បុរសខាងលើក្រោយពីប្រពន្ធកូនឈប់ផ្ញើលុយពីប្រទេសថៃឲ្យចាយ បុរសនោះក៏រត់ទៅសុំវត្តលោកចំណោមស្នាក់នៅ លុះបន្ទាប់មកខាងវត្តក៏ដេញចេញមិនឲ្យស្នាក់នៅថែមទៀតដោយសារគាត់យ៉ាប់ចរិកពេក។

NKD-36x6_outline

បន្ទាប់ពីវត្តដេញចេញឈប់ឲ្យនៅក្នុងវត្តចំណោម បុរសនោះក៏មកប្រាប់ក្មួយស្រី ថា គាត់ប្រហែលមិនរស់នោះទេ បើមិនទៅចងក សម្លាប់ខ្លួន ក៏ឡូតទឹកសម្លាប់ខ្លួននោះដែរ ពីព្រោះគ្មានអ្នកណាយល់ចិត្តសោះ។

បើតាមប្រភពព័ត៌មានពីសាច់ញាតិប្រាប់ឲ្យដឹងទៀតថា ក្រោយពីបុរសខាងលើប្រាប់ក្មួយស្រីបែបនោះរួចហើយក៏បាត់មុខគាត់រហូត២ទៅ៣ថ្ងៃមិនដឹងទៅណានោះទេ។លុះបន្ទាប់មកក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្នុងទឹកស្ទឹងមង្គលបុរី។

សមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យសព បុរសខាងលើពិតជាលង់ទឹកស្លាប់ គ្មានជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ៕ សំ វិច្ឆិកា