ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកក្នុងបឹងមួយកន្លែងនៅស្រុកស្អាង

ខេត្តកណ្ដាលៈ សាកសពបុរសម្នាក់អណ្ដែតទឹកក្នុងបឹងមួយកន្លែងដោយមានសភាពស្អុយរលួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបឹង ស្ថិតក្នុងភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកបច្ចេកទេស និងកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា សាកសពជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៥៣ឆ្នាំ ស្លៀកខោជើងវែង ពណ៌ខ្មៅ អាវយឺតពណ៌ក្រហម ដៃវែងសក់ខ្លី សម្បុរខ្មៅ កម្ពស់ប្រហែល១,៦៥ម៉ែត្រ ។

ប្រភពដដែលបន្ដថា ក្រោយពីកម្លាំងនគរបាលជំនាញស្រុកទទួលបានព័ត៌មានថា មានករណីប្រទះឃើញសាកសពអណ្ដែតទឹក ភ្លាមនោះសមត្ថកិច្ចក៏បានចុះពិនិត្យកន្លែងកើតហេតុ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ និងមេភូមិ ផងដែរ ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារករណីលង់ទឹកប្រាកដមែន ។

ប្រភពដដែលបានបន្ដទៀតថា តាមការបំភ្លឺរបស់ឈ្មោះ ឈន គោ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ជាប្រជាពលរដ្ឋបាននិយាយថា ខ្លួនធ្លាប់ឃើញជនរងគ្រោះខាងលើគឺជាមនុស្សមានសតិមិនគ្រប់ (វិកលចរឹក)រត់តាមភូមិសឹងរាល់ថ្ងៃ តែទើបតែខានឃើញ២ថ្ងៃ រហូតមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែឃើញស្លាប់អណ្តែកទឹកទៅវិញ ។

ក្រោយពិនិត្យរួច កម្លាំងនគរបាលប៉ុស្តិ៍ និងជំនាញស្រុកបានកប់សាកសពជនរងគ្រោះនៅចំណុចចុងព្រែកបាឡាត់ឆឹង រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារមកបញ្ជាក់អត្តសញ្ញាណ ៕ស្អាងជ័យ