ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពអណ្ដែតទឹកបន្ទាប់ពីបាត់ខ្លួន២ថ្ងៃ៣យប់ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក

ខេត្តពោធិ៍សាត់៖ ប្រទះឃើញសាកសពអណ្ដែតទឹកស្ទឹងទាំងព្រលឹម បន្ទាប់ពីបាត់ខ្លួនរយៈ ២ថ្ងៃ ៣យប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវទឹកនៃស្ទឹងពោធិ៍សាត់ រវាងកាណូតបុក និង​កាណូត នៅគ្រាដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសគ្នា ។

ហេតុការណ៍ប្រទះឃើញសាកសពអណ្ដែតទឹកស្ទឹងខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកស្ទឹងពោធិ៍សាត់ ត្រង់ចំណុចប្រឡិចបីរយ ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀងបានឲ្យដឹង នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នេះថា សាកសពអណ្ដែតលើផ្ទៃទឹកបង្កការភ្ញាក់ផ្អើលខាងលើ ឈ្មោះ ខ្លូត ហួង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំផ្លូវលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

គួររំលឹកផងដែរថា៖ ករណីប្រទះឃើញសាកសពអណ្ដែតទឹកខាងលើ សាកសពជនរងគ្រោះបានធ្លាក់ពីលើកាណូតចូលក្នុងទឹក តាំងពីវេលាម៉ោង៦ និង៣០នាទី ល្ងាចថ្ងៃទី២៩ ខែកក្កដា នៅពេលចប់ការបោះឆ្នោតមកម្ល៉េះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ចរាចរណ៍ផ្លូវទឹក រវាងកាណូតបុកកាណូតខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសគ្នា(ជើងត្បូង) ។

ប្រភពខាងលើបន្តថា មុនដំបូងគេឃើញជនរងគ្រោះបើកកាណូតដឹកប្រពន្ធកូន និងសាច់ញាតិចំនួន ៧នាក់ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះទៅដល់ចំណុចកើតហេតុស្ទឹង ក៏កោងស្រាប់តែមានកាណូត ១គ្រឿងទៀតមកពីមុខបុកចំក្បាលកាណូតគាត់ រួចរះបុកចំប្រពន្ធរបួសធ្ងន់ និងអ្នកបើកបរកាណូត(សាកសព) បណ្ដាលឲ្យបាត់ខ្លួនរហូតប្រទះឃើញសាកសពអណ្ដែតឡើង ដែលមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីកន្លែងកើតហេតុដោយសារទឹកហូរ ។

ប្រភពបន្តទៀតថា អ្នកបើកកាណូតបង្កឈ្មោះ មុត ផល្លី ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ រួមដំណើរជាមួយប្រពន្ធផងដែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នានឹងជនរងគ្រោះ ប៉ុន្តែទោះជាយ៉ាងណាក្ដីចាត់ទុកជាសំណាងទៅហើយ ព្រោះករណីនេះពិតជាបណ្ដាលឲ្យ ២នាក់ប្តីប្រពន្ធស្លាប់ និងរងរបួសធ្ងន់មែន ប៉ុន្តែកាណូតទាំង ២គ្រឿងមិនលេចទឹកនោះទេ កុំអីគ្រោះថ្នាក់ធំជាងនេះ ក៏ថាបាន ព្រោះទឹក ក៏ហូរកួចខ្លាំងផងដែរ វត្ថុតាងកាណូតទាំង ២គ្រឿងបានយកមករក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ជរ ចំណែកភាគីបង្កមន្រ្តីជំនាញបានយកមកសួរនាំ និងធ្វើនីតិវិធី ហើយភាគីជនរងគ្រោះបានទាមទារសំណងចំនួន ២៥លានរៀល ៕ ប៉ឹមពិន