ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញស្ត្រីម្នាក់លង់ទឹកស្រះស្លាប់ផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ត្រូវបានអ្នកភូមិ និងក្រុមគ្រួសារ ប្រទះឃើញលង់ទឹកស្រះខាងក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យកាលពី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២ ស្ថិតនៅចំណុចភូមិបត់ស្លឹក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតឲ្យកាសែតនគរវត្តដឹងថា ស្ត្រីដែលសង្ស័យរអិលជើងលង់ទឹកស្លាប់ មានឈ្មោះ ម៉ី សារ័ត្ន អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបត់ស្លឹក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមអ្នកភូមិបានឲ្យដឹងថា ស្ត្រីខាងលើគឺផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃ ដោយអ្នកភូមិ ក៏ដូចជាក្រុមគ្រួសារបានហាមឃាត់កុំឲ្យផឹក ព្រោះអាចប៉ះពាល់សរសៃប្រសាទ ណាមួយមិនសូវហូបបាយទៀត ប៉ុន្តែមិនស្ដាប់នោះទេ ដោយគាត់តែងតែនិយាយថា ដុះមេហើយ។

ប្រភពបន្តថា មុនកើតហេតុ ស្រាប់តែមានអ្នកភូមិ និងក្មេងៗ ប្រទះឃើញសពក្នុងទឹកស្រះស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ចតែម្ដង។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន