ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានការិយាល័យភូមិបាលស្រុកសាលាក្រៅ អត់បានដឹងថាមានដីកាដកហូតមុខតំណែងស្ងាត់ៗ ដែលចេញមកពីសាលាខេត្ត

ខេត្តប៉ៃលិន ៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង៨ និង៣០នា ទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅការិយាល័យភូមិបាលស្រុកសាលាក្រៅ ស្ថិតនៅក្នុងភូមិតា ង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានហេតុការណ៍ដ៏គួរឱ្យហួសចិត្តមួយ ខណ:ប្រធានការិ យាល័យភូមិបាលស្រុកសាលាក្រៅ កំពុងតែធ្វើការសុខៗ ស្រាប់តែខាងមន្រ្តីនៃមន្ទីរសុរិយោដីខេត្ត ចំនួន៥នាក់ ដឹកនាំដោយលោក ហ៊ី ប៊ុនហៀប ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុវិយោដីខេត្តប៉ៃលិន បានចុះទៅដើម្បីបិទបញ្ជី និងបម្រុងដកហូតត្រាពីលោក សែម សុខន ដែលជាប្រធានការិយាល័យភូមិបាលស្រុកសាលាក្រៅ ។តែលោកមិនទាន់ប្រគល់ត្រាឱ្យភ្លាមៗ ទេ ព្រោះរឿងនេះ បានកើតឡើងដោយតក់ក្រហល់ពេក មិនអាចទទួលយកបាន ។ ម្យ៉ាងទៀតលោកជាប់បង្ហើយឯកសារដែលនៅចាស់មិនរួច រង់ចាំមួយរយ:ខ្លីសិន ទើបលោកព្រមប្រគល់ឱ្យ ពេលមានការប្រកាសតែងតាំងអ្នកថ្មី ។

ប្រភពព័ត៌មានពីលោក សែម សុខន ប្រធានការិយាល័យភូមិបាលស្រុកសាលាក្រៅ បានឱ្យ ដឹងថា តាមច្បាប់លក្ខន្តិក:មន្រ្តីរាជការស៊ីវិល ការដកហូតមន្រ្តីការិយាល័យជុំវិញស្រុក ត្រូវតែមានការកោះប្រជុំពីថ្នាក់ក្រុមប្រឹក្សាស្រុក និងអភិបាលស្រុកជាមុនសិន ហើយស្នើសុំទៅខាងមន្ទីរសុរិ យោដីខេត្ត ដោយខាងប្រធានមន្ទីរស្តីទី ត្រូវកោះហៅអនុប្រធានមន្ទីរ ប្រធានការិយាល័យរដ្ឋបាល រួចធ្វើការណែនាំវាយតម្លៃចំនួន៣ដង ទើបផ្ញើបន្តទៅរដ្ឋបាលខេត្ត ដើម្បីដកហូតសុំធ្វើការផ្លាស់ប្តូរមន្រ្តីរូបនោះ ។

តែរឿងរបស់លោកមិនមានការប្រជុំក្រុមប្រឹក្សាស្រុក មិនមានការកោះហៅរបស់មន្ទីរសុរិយោដីខេត្តមកអប់រំសោះ ស្រាប់តែនៅអង្គុយធ្វើការសុខៗ ឃើញមានមន្រ្តីសុរិយោដីជាច្រើ នរូបចូលទៅសុំឱ្យលោកបិទបញ្ជី និងសុំត្រាការិយាល័យយកទៅគ្រប់គ្រងវិញ ។

ប្រភពបន្តទៀតថា លោកពិតជាមិនអាចទទួលយកបានទេ ព្រោះជារឿងមិនប្រក្រតី ដោយ សារតែលោកធ្វើការនៅមន្ទីរសុរិយោដីខេត្ត តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១០ ទើបទៅកាន់ប្រធានការិយាល័យភូមិបាល ស្រុកសាលាក្រៅ រហូតមកដល់បច្ចុប្បន្ននេះ មិនធ្លាប់មានបញ្ហាអ្វីសោះ ។

លោកបញ្ជាក់ថា លោកបានបម្រើការងារក្នុងជួរបក្សប្រជាជន ជាមួយក្រុមការងារបក្សស្រុកសាលាក្រៅ ដោយចុះជួយនៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានការគាំទ្រពីប្រ ជាពលរដ្ឋយ៉ាងច្រើនលើសលប់ ហើយលោកបានចំណាយថវិកាផ្ទាល់ខ្លួនអស់ចំនួន៣១លានរៀល ចាប់តាំងពីបោះឆ្នោតថ្នាក់ឃុំសង្កាត់ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើងបានទូរស័ព្ទទៅលោក ហុង ពៅ ប្រធានមន្ទីរសុរិយោ ដីស្តីជាច្រើនលើកច្រើនសារតែអត់ទទួលទូរស័ព្ទ ។

ចំណែកលោក សូ សុខុន អនុប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ទទួលបន្ទុកសុរិយោដី បានឱ្យដឹងថា គាត់ចុះទៅកន្លែង ការិយាល័យភូមិបាលស្រុកសាលាក្រៅ ដើម្បីទៅបិទបញ្ជីរដ្ឋបាល ដោយយោងតាមដីកាស្តីពីការតែងតាំង និងផ្លាស់ប្តូរភារកិច្ចមន្រ្តីរាជការរបស់អភិបាលខេត្តប៉ៃលិន ដែលបានចុះកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ដោយឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ៕ ស សារ៉េត