ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្លិបបាល់ទាត់ធីអិនខេត្តកណ្តាលមានបំណងដាក់ក្រុមរបស់ខ្លួនឲ្យចូលលេងក្នុងលីកអាជីពកម្ពុជា ២០១៨

ភ្នំពេញ ៖ លោក ថុល នាង ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្លិបបាល់ទាត់ធីអិន (TN) ខេត្តកណ្តាល មានបំណងដាក់បញ្ចូលក្រុមកីឡា បាល់ទាត់របស់លោកឲ្យចូលរួមលេងក្នុងលីកអាជីព កម្ពុជាក្នុងឆ្នាំ ២០១៨នេះ ។

ការថ្លែងបែបនេះ បានធ្វើឡើងក្មុងឱកាសដែលលោកដឹកនាំក្រុមកីឡាករ ទៅចូលរួមប្រកួត កីឡាបាល់ទាត់អបអរសាទរ ខួបលើកទី៣៩ឆ្នាំ នៃថ្ងៃរំដោះជាតិ ៧ មករា ១៩៧៩ -៧ មករា ២០១៨ នៅទីលានពហុឡដ្ឋានខេត្តកណ្តាលកាលពីរសៀលថ្ងៃ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ កន្លងទៅ។

លោក ថុល នាង បានមានប្រសាសន៍ថា ក្រុមបាល់ទាត់ពាក់កណ្តាលអាជីពTN ខេត្តកណ្តាលគឺជាក្រុមខ្លាំងមួយក្នុងចំណោមក្រុមបាល់ទាត់ពាក់កណ្តាលអាជីពទាំងអស់ ដែលកំពុងបន្តលេងនៅក្នុងពានរង្វាន់(KMH)។ ដូច្នេះលោកមានគម្រោងដាក់ពាក្យ ចូលរួមប្រកួតលីកលំដាប់ទី២កម្ពុជា រៀបចំដោយសហព័ន្ធបាល់ទាត់កម្ពុជា នៅរដូវកាលថ្មីឆ្នាំ២០១៨នេះ ។

NKD-36x6_outline

ប្រធានក្លិបបាល់ទាត់រូបនេះបានបន្តថា បញ្ហាបច្ចេកទេស គ្រូបង្វឹក និងធនធានហិញ្ញវត្ថុ សម្រាប់ទ្រទ្រង់ក្លិប វាមិនចោទជាបញ្ហានោះទេ ព្រោះក្លិបមានធនធានគ្រប់គ្រាន់ក្នុងការ ផ្តត់ផ្គង់ ប៉ុន្តែអ្វីដែលចោទជាបញ្ហាធំធ្វើ ឲ្យក្លិបរារែកនោះគឺកង្វះកីឡាករតែម្តង។ ដោយហេតុថា បច្ចុប្បន្នក្លិបមានតែកីឡាករដែលជាមន្ត្រីរាជការ អាជីវករនិងសិស្សសាលាដែលមិន មានពេលវេលាគ្រប់គ្រាន់សម្រាប់ការហ្វឹកហាត់ និងពេលចូលរួមប្រកួត។

លោកបានអះអាងថា គម្រោងចូលរួមនៅក្នុងលិហ្គលំដាប់ទី២ដែលក្លិបគ្រោងនិងចូលរួមនោះ ក្លិបកំពុងសិក្សា ព្រោះការចូលរួមគឺត្រូវការបន្ថែមសមាសភាពកីឡាករថ្មីៗ យ៉ាងហោច១៥រូបទៀតដើម្បីចូលរួមប្រជែងរកសិទ្ធិផលមួយ។

លោកបានបញ្ជាក់ថា គម្រោងជំរុញក្លិបឲ្យចូលរួមប្រកួតនៅក្នុងលីកអាជីពលំដាប់ទី២ ដែលរៀបចំដោយសហព័ន្ធបាល់ទាត់កម្ពុជា គឺមានគោលដៅចូលរួមជំរុញអភិវឌ្ឍន៍ វិស័យកីឡាបាល់នៅខេត្តកណ្តាល និងចងបង្ហាញអំពីសកក្តានុពលកីឡាករខេត្ត ។

សូមបញ្ជាក់ថា ក្រុមTNខេត្តកណ្តាលបច្ចុប្បន្នកំពុងលេងនៅក្នុងពានរង្វាន់ពាក់ កណ្តាលអាជីព(KMH)ស្ថិតនៅក្នុងពូលCលេងបាន៥ប្រកួតឈ្នះទាំង៥ប្រកួតមាន១៥ពិន្ទុឈរលើកំពូលតារាង៕ សារីម