ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្លិប Atletico Madrid បញ្ជាក់ពីជំហរលើគ្រូបង្វឹក Simeone

លោក Enrique Cerezo ប្រធានក្លិប Atletico Madrid បានប្រាប់ថា គ្មាននរណាអាចនាំយកគ្រូបង្វឹក Diego Simeone ទៅណាបានឡើយ ខណៈពេលដែលក្លិប Everton កំពុងចាប់អារម្មណ៍លើគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ។

ក្រុម Everton បច្ចុប្បន្នកំពុងតែស្វែងរកអ្នកស្នងតំណែងជាអចិន្ត្រៃយ៍ពីគ្រូបង្វឹក Ronald Koeman ដែលត្រូវបានបណ្តេញចេញ នៅពេលដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ ៤៧ ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាជាគោលដៅរបស់ក្រុម Everton សម្រាប់ជំនួសគ្រូបង្វឹកបណ្តោះអាសន្ន David Unsworth ។

លោក Cerezo បាននិយាយថា “ខ្ញុំចង់ប្រកាសឲ្យបានដឹងថា គ្មាននរណាអាចនាំយកលោក Simeone ចេញពីក្រុម Atletico Madrid បានទេ ព្រោះគាត់គឺសម្រាប់កីឡាករ សម្រាប់ប្រធានក្លឹប និងសម្រាប់អ្នកគាំទ្ររបស់យើង” ។

NKD-36x6_outline

លោក Cerezo បានបន្តទៀតថា “នៅទីនេះយើងមិនអនុញ្ញាតឲ្យមានការសង្ស័យលើការដឹកនាំរបស់លោក Cholo Simeone ឡើយ។ គ្មានក្លឹបណាមួយនៅលើលោកនេះទទួលបានជោគជ័យជាបន្តបន្ទាប់រយៈពេល ១១៥ ឆ្នាំ និងជោគជ័យខាងវិស័យកីឡាដ៏អស្ចារ្យដូចយើងឡើយ។ ក្នុងរដូវកាលខ្លះយើងលេងបានល្អ ហើយរដូវកាលខ្លះទៀតយើងលេងមិនបានល្អ និងលេងបានត្រឹមកម្រិតមធ្យម ហើយរដូវកាលនេះយើងកំពុងលេងបានយ៉ាងល្អ។ វាទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយយើងនៅមិនទាន់បានលេខបីនៅឡើយទេនៅក្នុងក្របខណ្ឌ La Liga ប៉ុន្តែយើងកំពុងប្រឹងប្រែងដើម្បីអ្វីគ្រប់យ៉ាង” ៕ ដេវីត