ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា អ្នកដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោតគឺមានទោស

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកបក្សសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យនាព្រឹកថ្ងៃព្រហស្សតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅឯមជ្ឈមណ្ឌលម៉ូឌែន២ លោក ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ បានជម្រុញដល់ប្រធានក្រុមបក្ស ប្រធានសាខាបក្សត្រូវជួបសមាជិករបស់ខ្លួនពន្យល់ដល់ពួកគាត់ឲ្យកៀងគសមាជិករបស់ខ្លួនឲ្យទៅចូលរួមបោះឆ្នោតឲ្យបានច្រើន និងអំពាវនាវដល់ពលរដ្ឋទាំងអស់ត្រូវទៅចូលរួមបោះឆ្នោតនាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។

លោក ប៉ា សុជាតិវង្ស ក៏បានពន្យល់បន្ថែមថា ពលរដ្ឋលះបង់មិនទៅចូលរួមបោះឆ្នោតនោះជាសិទិ្ធរបស់គាត់ តែផ្ទុយទៅវិញបើអ្នករារាំងមិនឲ្យពលរដ្ឋទៅបោះឆ្នោតវិញនោះ គឺត្រូវប្រឈមមុខនឹងមានទោសទាន់ ។

លោក ប៉ា សុជាតិវង្ស ក៏បានលើកឡើងនូវការកោតសសើរលោក ជា សុខៃ ប្រធានគណបក្សសង្កាត់ចាក់អង្រែក្រោម ដែលបានកសាងសមាជិកបក្សកើនឡើងរហូតដល់ជាង៩ពាន់នាក់បន្ថែមទៀត ហើយគឺបានបញ្ជាក់ថាពលរដ្ឋជាសមាជិកបក្សនៅមានជំហរគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការគាំទ្របក្ខភាពសម្តេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រីអាណតិ្តក្រោយៗទៀតផងដែរ ។ សំរាប់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាដែលបានគាំទ្រនេះគឺគាត់បានមើលឃើញនូវសុទុដ្ឋិនិយម មើលទៅឃើញទៅថាល្អគ្រប់យ៉ាងក្នុងការដឹកនាំ តែផ្ទុយទៅវិញសម្រាប់បក្សប្រឆាំងគេមើលឃើញតែអាក្រក់ ដឹកនាំមិនល្អ នេះហើយដែលទស្សនៈពីរផ្ទុយគ្នាដែលត្រូវពិចារណា ។

លោកក៏ បានពន្យល់បន្ថែមថា ឥឡូវនេះមានគណបក្សនយោបាយខ្លះបានធ្វើប្រជាភិថុ ខ្លះសន្យាថាលុបបំណុល ខ្លះថាឲ្យ១៥ម៉ឺនរៀលសំរាប់ចាស់ជរា នេះជានយោបាយប្រជាភិថុ ដូចគណបក្សCNRPមុនទៀតហើយ ។

លោកបាននិយាយថា នេះជារឿងធម្មតាទេសំរាប់បក្សនយោបាយ ។ តែសូមកុំធ្វើប្រជាភិថុទៀត ហើយល្អ និងអាក្រក់ប្រជាពលរដ្ឋបានឃើញហើយ គណបក្សប្រជាជនបាននាំមកសុខសន្តិភាព មានការអភិវឌ្ឍន៍គ្រប់វិស្ស័យ នេះក៏ដោយសារនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបញ្ចប់សង្គ្រាមរវាងត្រីភាគី នាំមកវិញនូវសន្តិភាពជូនប្រទេសជាតិទាំងមូល ។ សូមបងប្អូនប្រជាពលរដ្ឋទៅបោះឲ្យគណបក្សប្រជាជនកម្ពជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ។

លោក ជា សុខៃ ប្រធានគណបក្សសង្កាត់ចាក់អង្រែក្រោមបានឲ្យដឹងថា សមាជិកបក្សចូលរួមសំណេះសំណាលមកពីភូមិទួលរកា២ ភូមិព្រែកតាឡុង និងភូមិព្រែកតាឡុង២ សរុបជា៦០០នាក់ ។ លទ្ធផលនៃការចុះជួបសំណេះសំណាលសមាជិកបក្ស ដោយមានការដឹកនាំពីគណៈកម្មាធិការកណ្តាលគណបក្ស ក្រុមការងារចុះជួយរាជធានីភ្នំពេញ និងក្រុមការងារចុះជួយខណ្ឌ សង្កាត់បានចុះជួបសំណេះសំណាលសមាជិកបក្សគិតចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ពេលនេះបានចំនួន២៤លើក សមាជិក៥,៧៥៧នាក់ នៅសល់សមាជិក៣,១៣១នាក់ក្រុមការងារ និងគណបក្សសង្កាត់បាន និងកំពុងជួបសំណេះសំណាលជាប់ជាប្រចាំ ដើម្បីបញ្ចប់ឲ្យបានមុខថ្ងៃឃោសនាបោះឆ្នោត នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ក្នុងយុទ្ធនាការជំហានទី១នេះ ។

ជាមួយគ្នានេះផងដែរ លោក ប៉ា សុជាតិវង្ស ក៏បានផ្តល់នូវថវិកាចំនួន២ម៉ឺនរៀលដល់សមាជិកដែលចូលរួម៕ តាឡឹម