ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាននាយកដ្ឋានពេទ្យការងារស្នើដល់កម្មករនិយោជិតត្រូវគិតពីសុខភាពសុវត្ថិភាពជាចម្បង

ភ្នំពេញ៖ ប្រធាននាយកដ្ឋានពេទ្យការងារបានអំពាវនាវដល់បងប្អូន​កម្មករនិយោជិតទាំងអស់ថា ក្នុងពេលបំពេញការងារយើងមិនមែន​លក់សុខភាពសុវត្ថិភាពទេ គឺលក់កម្លាំងពលកម្ម ដូច្នេះធ្វើម៉េច ត្រូវបំពេញការងារឲ្យមានសុវត្ថិភាពល្អ និងគិតពីសុខភាពជាចម្បង។​ខណៈដែលវិស័យការងារមានកំណើនកើនឡើង ហើយបញ្ហាគ្រោះថ្នាក់ក្នុងពេលបំពេញ ការងារក៏មានច្រើន ។

នៅក្រោយសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសុខភាពនិងសុវត្ថិភាពការងារ នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៧នេះ លោកបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ដល់អ្នកសារព័តមានថា ស្របពេលជាមួយការរីកចំរើន របស់ប្រទេស ប្រជាពលរដ្ឋក្នុងស្រុកដែលកំពុងបម្រើការងារក្នុងផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវា កម្ម និងមានរាប់លាននាក់ទៀតបំពេញការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ បញ្ហាសុខភាព សុវត្ថិ ភាពការងាររបស់កម្មករនិយោជិត គឺជាការងារអាទិភាពមួយទៀតរបស់រដ្ឋាភិបាលក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលត្រូវយកចិត្តទុកដាក់ខ្ពស់លើគ្រប់សមត្ថភាព។

ដោយឡែក ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សិក្ខាសាលារៀបចំឡើងនេះ ក្នុងគោល បំណងប្រមូលនូវធាតុចូលពីអន្តរក្រសួង ដើម្បីឲ្យផែនការមេលើកទី២កាន់តែសុក្រឹត្យភាព ប្រសិទ្ធិភាព និងលើកកម្ពស់ការកែលម្អរប្រព័ន្ធគ្រប់គ្រងសុខភាពនិងសុវត្ថិភាពការងារនិងធានាថា កន្លែងធ្វើការរក្សា បាននូវបរិយាកាសការងារល្អ មានកំណើនផលិតកម្មឈានទៅការកសាងវប្បធម៌ សុខភាពនិងសុវត្ថិភាព ការងារនៅកន្លែងធ្វើការ។

NKD-36x6_outline

លោកបញ្ជាក់ទៀតថា អ្វីដែលសំខាន់លើផែនការមេនេះ គឺធ្វើម៉េចឲ្យកន្លែងការងារមានវប្បធម៌ សុវត្ថិភាពការងារ ធ្វើយ៉ាងណាឲ្យកម្មករនិយោជិតទាំងអស់យល់តម្លៃអំពីសុវត្ថិភាពការងារដើម្បីការពារ ទាំងអស់គ្នា ហើយការរៀបចំផែនការមេនេះដូចជាផែនទីមួយ ដែលធ្វើម៉េចការពារគ្រោះថ្នាក់ដល់កម្មករ និយោជិត ដែលមានរៀបចំឲ្យមានច្បាប់ រៀបចំជាយន្តការការអនុវត្តន៍ច្បាប់ រៀបចំឲ្យការបណ្តុះបណ្តាល ឲ្យគាត់យល់អំពី សុខភាពសុវត្ថិភាពការងារ និងរៀបចំជាប្រព័ន្ធរាយការណ៍ទំាងអស់រួមគ្នា ពិសេសរៀបចំ ឲ្យមានប្រព័ន្ធគ្រប់គ្រងសុខភាពសុវត្ថិភាពការងារតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់សហគ្រាស ៕ស តារា