ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានស្នាក់ការច្រកទ្វារនិងប្រធានស្នាក់ការកាំកុងត្រូលច្រកអន្តរជាតិជាំសាង៉ាំបើកដៃឲ្យឈ្មួញនាំចូលអាហារកាកសំណល់ពីប្រទេសថៃ

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជីវករនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យនាំចូល អាហារកាកសំណល់ជាច្រើនប្រភេទពី ប្រទេសថៃតាមច្រកទ្វារអន្តរជាតិជាំសាង៉ាំ មកដាក់លក់នៅលើទីផ្សារយ៉ាងអនាធិបតេយ្យ គ្មានការពិនិត្យពីមន្រ្ដី កាំកុងត្រូលប្រចាំនៅច្រកទ្វារដោយមិនមានការទទួលខុសត្រូវពីប្រធានស្នាក់ការច្រកឡើយ ។

អាហារកាកសំណល់ដែលក្រុមអាជីវករនាំចូលពីប្រទេសថៃក្រោមការបើកដៃពីស្ថាប័នច្រកទ្វារអន្តរជាតិជាំសាង៉ាំមានដូចជាឆ្អឹងមាន់ គ្រឿងក្នុងមាន់ និងគ្រឿងក្នុងជ្រូក បង្គា មឹករលួយៗជាពិសេសពងមាន់ពង ទាស្អុយតែម្ដងដែលដឹកជញ្ជូនទាំងរថយន្ដជារៀងរាល់ថ្ងៃព្រហស្បតិ៍និងថ្ងៃអាទិត្យ ។

បើតាមគេសង្កេតឃើញមានការនាំចូលនៅទំនិញកាកសំណល់ប្រភេទទាំងនេះបានយ៉ាងរលូនបែបនេះដោយសារតែខាងមន្រ្តីកាំកុងត្រូលនិងខាងស្នាក់ការច្រកទ្វារ មិនបានបំពេញតួនាទីនោះទេគឺអង្គុយចាំយកតែប្រាក់ពីក្រុមអាជីវករនៅក្នុងប៉ារ៉ូទើបអសកម្មនឹងតួនាទីរបស់ខ្លួន ។

ប្រជាពលរដ្ឋស្រុកអន្លង់វែងបានត្អូញត្អែរថាបើផ្នែកជំនាញមិនទប់ស្កាត់តើឲ្យពួកគាត់រំពឹងទៅលើនរណាចំពោះសុខភាព របស់ពួកគាត់ពីព្រោះអាហារសំណល់ប្រភេទទាំង អស់សូម្បីតែឆ្កែស្រុកគេក៏គេមិនឲ្យស៊ីផងដូចជាពងមាន់ស្អុយជាដើម ។

ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺបានទេពីលោក ហួ សុធា រិទ្ធប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំសាងាំដោយលោក និយាយថាមិនអាចបក ស្រាយបានទេ ៕ ប៉ែន នួន

odor-3 odor-2