ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានអូឡាំពិកកម្ពុជាប្រកាន់ជំហរ មិនចរចាក្រៅក្របខ័ណ្ឌ ដើម្បីទទួលបានមេដាយស៊ីហ្គេមក្នុងនាមជាម្ចាស់ផ្ទះឡើយ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាបានកោះហៅតំណាងសហព័ន្ធកីឡាជាតិចំនួន១០ ដើម្បីណែនាំអំពីយុទ្ធសាស្ត្រ សំដៅដល់ការអភិវឌ្ឍវិស័យកីឡាជំនាញ ឆ្ពោះទៅរកគុណផលសម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ប៉ុន្តែលោក ប្រធានរូបនេះ បានប្រកាន់ជំហរ របស់ខ្លួនគឺរក្សាគោលជំហរ មិនធ្វើការចរចាក្រៅក្របខ័ណ្ឌណាមួយ ដើម្បីទទួលបានមេដាយ ក្នុងនាមកម្ពុជាធ្វើម្ចាស់ផ្ទះនោះទេ ប្រធានអូឡាំពិកបានអះអាងបែបនេះក្នុងកិច្ច ប្រជុំប្រចាំសប្តាហ៍ជាមួយតំណាងសហព័ន្ធ កីឡាជាតិ កាលពីថ្ងៃ២ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថៃ្ងទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅស្នាក់ការNOCC ។

លោកប្រធានNOCC បានគូសបញ្ជាក់ថា ដើម្បីអភិវឌ្ឍវិស័យកីឡាកម្ពុជាឲ្យមានគុណភាពនិងមានសមត្ថភាពគ្រប់គ្រាន់ទាំង កីឡាករកីឡាការិនី គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេស ក្នុងការប្រកួតប្រជែងយកមេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ សហព័ន្ធជាតិត្រូវពង្រឹង សមត្ថភាពដល់កីឡាជំនាញ តាមផែនការយុទ្ធសាស្ត្រ ឲ្យបានច្បាស់លាស់ ហើយត្រូវបង្ហាញរាល់បញ្ហាដែលប្រឈម ក្នុងសហព័ន្ធមកដល់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដើម្បីអូឡាំពិកបានជួយរៀបចំ និងស្វែងរកវិធីសាស្ត្រ ល្អៗក្នុងការ តម្រង់ទិស ឆ្ពោះទៅរកគុណផលមួយដែលអាចធានាបានថានឹងទទួលបានជោគជ័យនៅឆ្នាំ២០២៣។

NKD-36x6_outline

លោកប្រធានNOCCបានថ្លែងទៀតថា ស៊ីហ្គេមឆ្នាំ២០២៣ ដាច់ខាត គ្រប់ប្រភេទកីឡាត្រូវតែដណ្តើមយកមេដាយឲ្យខាងតែបាន មកជូនជាតិក្នុងនាមជាម្ចាស់ផ្ទះ ។ ព្រោះកម្ពុជារក្សានូវជំហរត្រឹមត្រូវ យុត្តិធម៌ ដោយគ្មានការចរចាក្រៅក្របខ័ណ្ឌ ណាមួយដើម្បីទទួលបានមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដែលខ្លួនធ្វើម្ចាស់ផ្ទះនោះទេ ។ ជាមួយគ្នានោះ លោកប្រធានNOCC បានស្នើដល់តំណាងគ្រប់សហព័ន្ធកីឡាជាតិ ត្រូវខិតខំពង្រឹងគុណភាព គ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តស្វែងរកដៃគូសហការជាមួយវិស័យឯកជន ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍ និងបំផុសចលនាកីឡារបស់ខ្លួនតាមមូលដ្ឋាន ក្នុងន័យកៀរគរឲ្យយុវជនចូលហាត់រៀន តាមរយៈទេពកោសល្យ។

សូមជម្រាបថា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកំណត់យកថ្ងៃអង្គារ រៀងរាល់សប្តាហ៍ដើម្បីជួបជាមួយតំណាងសហព័ន្ធកីឡាជាតិ ដើម្បីពិភាក្សាគ្នាជុំវិញការងារពាក់ព័ន្ធការអភិវឌ្ឍកីឡាជំនាញឆ្ពោះទៅកីឡាស៊ីហ្គេម ៕ សារីម