ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ប្រធានាធិបតីកូរ៉េខាងត្បូងមិនទាន់ផ្តល់ចម្លើយលើការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើងនៅឡើយទេ

រហូតមកទល់ពេលនេះ គឺជាង១០ថ្ងៃ ទៅហើយ ក្រោយដំណើរទៅចូលរួមការ បើកការប្រកួតកីឡាអូឡាំពិករដូវរងារបស់ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅកាន់កូរ៉េខាងត្បូង ជាប្រវត្តិសាស្ត្រ និងនាំសារលិខិតអញ្ជើញមេដឹកនាំកូរ៉េខាង ត្បូង មូន ជេអុីន បំពេញទស្សនកិច្ចនៅ ទីក្រុងព្យុងយ៉ាង។ ប៉ុន្តែមកទល់ពេលនេះ មេដឹកនាំកូរ៉េខាងត្បូងមិនទាន់ផ្តល់ចម្លើយនៅឡើយទេ ថាតើលោកនឹងបំពេញទស្សន កិច្ចនៅកូរ៉េខាងជើងដែរឬយ៉ាងណា?

នៅពេលនេះប្រព័ន្ធផ្សព្វផ្សាយនានានៅជុំវិញពិភពលោក បានតាមដានយ៉ាង យកចិត្តទុកដាក់ ថាតើកូរ៉េខាងត្បូង នឹង មានសកម្មភាពបែបណា ចំពោះការបន្ទន់ឥរិយាបថរបស់កូរ៉េខាងជើង នៅក្នុងការ ផ្សះផ្សាទំនាក់ទំនង និងបញ្ចប់ភាពតានតឹង ដែលបានកើតឡើងនាពេលកន្លងមក។

លោក មូន ជេអុីន ត្រូវបានគេមើល ឃើញថា កំពុងមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ព្រោះខ្លាចក្រែងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ក៏ដូចជាធ្វើឲ្យភូមិសាស្ត្រ នយោបាយនៅក្នុងតំបន់ មានការផ្លាស់ប្ដូរ បើសិនជាលោកយល់ព្រមបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង។

ជាក់ស្ដែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក មូន បានប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «វាដូចជាលឿនពេក ក្នុង ការគិតពីការបំពេញទស្សនកិច្ចទៅកាន់ ទីក្រុងព្យុងយ៉ាង បើទោះបីជាមានសង្ឃឹមខ្ពស់សម្រាប់កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង និងកូរ៉េខាងជើងក៏ដោយ។ ម្យ៉ាងវិញទៀត យើងនៅតែរំពឹងថា កិច្ចសន្ទនាអន្តរកូរ៉េ បច្ចុប្បន្នអាចនឹងនាំទៅរកកិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ជុំវិញ ការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើ ឧបទ្វីបកូរ៉េ»។

គួរបញ្ជាក់ថា លិខិត លោក គីម ជុងអ៊ុន ត្រូវបានប្រគល់ជូនលោក មូន ផ្ទាល់ដៃ កាលពីជាងមួយសប្ដាហ៍មុន នៅក្នុងជំនួបពិភាក្សាផ្លូវការរវាងប្រតិភូជាន់ខ្ពស់កូរ៉េ ខាងជើង និងថ្នាក់ដឹកនាំរដ្ឋាភិបាលកូរ៉េ ខាងត្បូង ដែលដឹកនាំដោយប្រធានាធិបតី លោក មូន ជេអុីន។

នៅក្នុងលិខិតនោះ គឺលោក គីម មេដឹក នាំវ័យក្មេងជំនាន់ទី៣ របស់កូរ៉េខាងជើង បានអញ្ជើញលោក មូន ទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ឲ្យបានឆាប់តាម ដែលអាចទៅរួច ហើយលោក គីម មាន ឆន្ទៈក្នុងការជំរុញឲ្យទំនាក់ទំនងរវាងកូរ៉េទាំង២បានប្រសើរឡើងវិញ។

ទោះបីជាមានការវិភាគច្រើនមកហើយ ក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ អំពី ចម្លើយដែលនឹងចេញពីមាត់ លោក មូន ជេអុីន ក៏មេដឹកនាំកូរ៉េខាងត្បូងរូបនេះ ហាក់បង្ហាញថា ខ្លួននៅត្រូវការការត្រិះរិះ ពិចារណាយ៉ាងដិតដល់បំផុត មុននឹងត្រូវប្រាប់ទៅកូរ៉េខាងជើងវិញ នូវចម្លើយថា ទៅ ឬមិនទៅ តាមការអញ្ជើញដ៏មហាកម្របំផុតពីមេដឹកនាំកូរ៉េខាងជើង ដែលកំពុងគ្របដណ្តប់ដោយទណ្ឌកម្មជុំទិស និងជា សត្រូវធំបំផុត របស់សហរដ្ឋអាមេរិក នៅ តំបន់អាស៊ីបូព៌ានោះ។

ប្រការហេតុនេះ វាអាចមានន័យថា កូរ៉េខាងត្បូងត្រូវការការឯកភាពពីសហរដ្ឋ អាមេរិកជាចាំបាច់ ក្នុងករណីដែលខ្លួនចង់ទៅបំពេញទស្សនកិច្ចតបតាមការអញ្ជើញរបស់កូរ៉េខាងជើង ព្រោះអីសន្តិសុខរបស់ទីក្រុងសេអ៊ូល គឺពឹងផ្អែកស្ទើរទាំងស្រុង ទៅលើការការពារពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។

នៅពេលនេះដែរ យោធាកូរ៉េខាងត្បូង បែរជាប្រកាសថា នឹងធ្វើសមយុទ្ធយោធា ជាមួយអាមេរិក នៅក្នុងឆ្នាំនេះ តាមការ គ្រោងទុកដដែល ដែលវាពិតណាស់ថា នឹងបង្កបញ្ហាធំឡើងវិញជាមួយកូរ៉េខាងជើង ដោយសារទីក្រុងព្យុងយ៉ាងបាន ព្រមានទុកមុន ជាច្រើនដងរួចមកហើយ កុំឲ្យកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជា មួយអាមេរិក បើសិនជាចង់ពិភាក្សាដោះស្រាយបញ្ហាកូរ៉េទាំង២។ សកម្មភាពខាងលើអាចធ្វើឲ្យកូរ៉េទាំង២ ប្រឈមមុខតាន តឹងដាក់គ្នាសាជាថ្មី៕ ម៉ែវ សាធី