ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់កូរ៉េខាងជើង

ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអីុន បានបញ្ជូនទីប្រឹក្សាសន្តិសុខជាតិ និងជាប្រធានក្រុមចារកិច្ចទៅកាន់កូរ៉េខាងជើង នៅថ្ងៃទី៥ខែកញ្ញា មុនជំនួបកំពូល រវាង មេដឹកនាំកូរ៉េទាំងពីរ ដែលគ្រោងធ្វើឡើងនៅក្នុងពេលខាងមុខ។

សារព័ត៌មានកូរ៉េខាងត្បូង យុនហាប់បានដកស្រង់ការប្រកាសរបស់អ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូង លោកKim EuiKyeom ដែលបានប្រកាសថា គណៈប្រតិភូ មាន សមាជិក៥នាក់ នឹងទៅកាន់កូរ៉េខាងជើង ប៉ុន្តែមិនបានបញ្ជាក់ថា នឹងជួបជាមួយ មេដឹកនាំគីម ជុងអ៊ុនដែរឬទេ?

ក្នុងពេលកិច្ចពិភាក្សាស្តីពីការលុបបំបាត់បរមាណូនៅកូរ៉េខាងជើង ធ្លាក់ក្នុងសភាព ជាប់គាំ ទីក្រុងសេអូ៊លបានជំរុញគម្រោង រៀបចំជំនួបកំពូលលើកទី៣នៅក្នុងខែ កញ្ញានេះ ។ ពេលវេលាដែលត្រូវជួប ពិភាក្សានឹងត្រូវបានកំណត់ក្រោយជំនួប ពិភាក្សារវាងមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ ។ សេចក្តីប្រកាស ស្តីពីការបញ្ចប់សង្គ្រាម ជាមួយនឹងការរំសាយអាវុធបរមាណូក៏ស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សានោះដែរ ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនឹងជំនួប រវាងកូរ៉េខាងជើង នឹងអាមេរិកវិញ មន្ត្រីជាន់ខ្ពស់អាមេរិក បានចាត់ទុក ជំនួបរវាងលោកត្រាំនិង លោកគីម ជុងអ៊ុន មិនទទួលបានផលអ្វី ទាំងអស់ បានត្រឹមតែល្អមើលប៉ុណ្ណោះ ។

សារព័ត៌មានJapan Times នៅថ្ងៃទី៣ ខែកញ្ញា បានផ្សាយថា អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡេអន ផេណេតតា (Leon Panetta) បាននិយាយថា ជំនួប កំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាកន្លងទៅ មិនបានទទួលជោគ ជ័យដូចលោក ត្រាំ អះអាងឡើយបើទោះជាទីក្រុងព្យុងយ៉ាងផ្អាកការធ្វើតេស្ដមីស៊ីល និងនុយក្លេអ៊ែរក៏ដោយ។

លោក Leon Panetta ធ្វើការកត់សម្គាល់ បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ ស្ថានីយទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ លោក Panetta បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានការព្រួយបារម្ភជាខ្លាំង ចំពោះស្ថាន ភាពបច្ចុប្បន្ន ព្រោះខ្ញុំគិតថា យើងបានបរាជ័យនៅក្នុងកិច្ចប្រជុំកំពូលជាមួយលោក គីម ជុងអ៊ុន»។ លោក Panetta បន្ថែម ទៀតថា «ជំនួបរវាងលោក ត្រាំ នឹងលោក គីម សម្រេចបានត្រឹមតែការចាប់ដៃគ្នា និងប្រើពាក្យល្អៗដាក់គ្នាតែប៉ុណ្ណោះ ប៉ុន្តែបើមើលពីទីតាំងអាវុធនុយក្លេអ៊ែរ កូរ៉េខាង ជើង នៅតែមានសកម្មភាពនៅឡើយ ហើយ តម្រូវការចាំបាច់ដទៃទៀត នៅមុនកិច្ចប្រជុំនេះក៏មិនទាន់សម្រេចបានដែរ»។

គួរបញ្ជាក់ថា បើតាមលោក Leon Panetta ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិ និង នាយក CIA ក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា កិច្ច ប្រជុំរវាងលោក ត្រាំ នឹងលោក គីម មិន ត្រឹមតែជាកិច្ចពិភាក្សារវាងមនុស្សពីរនាក់នោះទេ តែវាគឺជាកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក នឹងកូរ៉េខាងជើង។

តែយ៉ាងណាក៏ដោយការលើកឡើង បែបនេះ គឺផ្ទុយទាំងស្រុងទៅនឹងលោក ដូណាល់ ត្រាំ ដែលធ្លាប់អួតជារឿយៗថា លោកបានទទួលជោគជ័យនៅក្នុងជំនួបជាមួយលោក គីម ដោយអះអាងថា លោកប្រើពេលតែបីខែអាចឱ្យទីក្រុងព្យុងយ៉ាង បញ្ឈប់ការធ្វើ តេស្ដមីស៊ីល និងអាវុធនុយ ក្លេអ៊ែរបាន ខណៈដែលប្រធានាធិបតី អាមេរិកមុនៗចាយពេលជាង៣០ឆ្នាំ តែ មិនអាចធ្វើដូចលោកបាន៕ ម៉ែវ សាធី