ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ប្រធានាធិបតីត្រាំ អាចសាងសង់សណ្ឋាគារនៅឆ្នេរសមុទ្រកូរ៉េខាងជើង

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បាននិយាយទៅកាន់មេដឹកនាំកូរ៉េខាង ជើងថា ជាមួយនឹងបទពិសោធន៍យូរឆ្នាំនៅ លើទីផ្សារអចលនទ្រព្យ លោកបានជំរុញឲ្យមេដឹកនាំកូរ៉េខាងជើង សាងសង់សណ្ឋា គារនៅឆ្នេរសមុទ្រ ភាគខាងកើតប្រទេសដែលមានទេសភាពនិងឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត។

សារព័ត៌មាន Huffington Post អាមេរិក បានដកស្រង់សម្តី លោកត្រាំបញ្ជាក់ថា លោកបាននិយាយទៅកាន់មេដឹកនាំកូរ៉េខាងជើងថា ឆ្នេរសមុទ្រ មានសក្តានុពល សេដ្ឋកិច្ច ក្នុងនោះអាចសាងសង់សណ្ឋាគារលំដាប់ពិភពលោក។ លោកត្រាំ បាន បញ្ជាក់ថា លោកគីម ជុងអ៊ុន ពិតជាមានការភ្ញាក់ផ្អើលចំពោះសំណើខាងលើ។

ក្រោយកិច្ចប្រជុំនៅសិង្ហបុរី មេដឹកនាំ ទាំងពីរបាន ចុះហត្ថលេខាលើសេចក្តី ប្រកាសរួម ក្នុងនោះកូរ៉េខាងជើងយល់ព្រមបោះបង់កម្មវិធីបរមាណូនៅឧបទ្វីបកូរ៉េ ។ ចំណែកលោកត្រាំបានយល់ព្រម ធានា សន្តិសុខសុវត្ថិភាពដល់កូរ៉េខាងជើង។

បើទោះបីប្រធានាធិបតីត្រាំ ចាប់អារម្មណ៍ចំពោះឆ្នេរសមុទ្រកូរ៉េខាងជើង ប៉ុន្តែក្រសួង ការបរទេសអាមេរិក បានអំពាវនាវដល់ ពលរដ្ឋ កំុអាលទៅកាន់កូរ៉េខាងជើង ដោយសារតែ ប្រទេសទាំងពីរមិនទាន់មានទំនាក់ទំនងការទូតនៅឡើយ ។

ក្រុមអ្នកឯកទេស បានបញ្ជាក់ថា ប្រសិន បើប្រទេសកូរ៉េខាងជើង និងសហរដ្ឋ អាមេរិក មានទំនាក់ទំនងល្អនោះ លោក ត្រាំអាចនឹងសាងសង់សណ្ឋាគារ លំដាប់ ផ្កាយ៥នៅទីនោះ ដើម្បីទទួលស្វាគមន៍ ភ្ញៀវទេសចរបរទេស។

ពាក់ព័ន្ធនឹងជំនួបកន្លងមក សារព័ត៌ មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១៣ ខែមិថុនាបានចេញផ្សាយថា ប្រធា នាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមដកទណ្ឌកម្មសេដ្ឋកិច្ចចេញពី កូរ៉េខាងជើងហើយ ព្រមទាំងធានាសន្តិសុខដល់ទីក្រុងព្យុងយ៉ាង នៅក្នុងជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

បន្ថែមពីលើនេះ ថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន KCNA ក៏បានដកស្រង់ សម្ដីលោក ត្រាំ ផងដែរជុំវិញការសន្យា បញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នា ជា មួយកូរ៉េខាងត្បូង។ ប៉ុន្តែ ខាងសហរដ្ឋ អាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយណាមួយ ទាក់ទិននឹងការលើកឡើងនេះទេ ខណៈ លោក ត្រាំ ផ្ទាល់ បានអះអាងជាច្រើនដង រួចហើយថា នឹងពុំមានឡើយការដកទណ្ឌកម្មពីកូរ៉េខាងជើង រហូតទាល់តែទីក្រុង ព្យុងយ៉ាង បោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុង និងប្រាកដជាមិនអាចត្រឡប់ទៅអភិវឌ្ឍន៍វាឡើងវិញជាមុនសិន។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានបិទបញ្ចប់ជំនួបនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ ជាមួយការចុះ ហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយ គ្របដណ្ដប់លើបញ្ហាជា ច្រើន ក្នុងនោះរួមមានទាំងការសន្យាធ្វើការងាររួមគ្នា ដើម្បីឆ្ពោះទៅ រកការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាការធានាសន្តិសុខជូនរបបដឹកនាំ លោក គីម ជាដើម៕ ម៉ែវ សាធី