ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វីលីពីន ៖ យើងមិនអាចរារាំងចិនសាងសង់នៅប្រជុំកោះមានវិវាទ

ប្រធានាធិបតិហ្វីលីពីន លោក ឌូទឺរទេ កាលពីថ្ងៃទី១៩ ខែមីនា បានប្រកាសថា ប្រទេសនេះ មិនអាចរារាំងចិនធ្វើសកម្មភាពសាងសង់កោះសិប្បនិមិត្តនៅតំបន់ប្រជុំកោះលិចទឹក Scarborough នោះឡើយ ដែលជាតំបន់ដែលមានវិវាទរវាងប្រទេសទាំងពីរ។

សារព័ត៌មាន AFP បានដកស្រង់សម្តីប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់ថា «យើង មិនអាចរារាំងចិនធ្វើការងារបស់គេឡើយ» ។ ការបញ្ជាក់ខាងលើរបស់លោក ឌូទឺរតេ មុនពេលដែលលោកបំពេញទស្សនកិច្ចទៅកាន់ប្រទេស មីយ៉ានម៉ា ។

កោះ Scarborough គឺជាកោះដែលមានវិវាទរវាងចិន នឹងហ្វីលីពិន ស្ថិតនៅតំបន់សមុទ្រចិនភាគខាងត្បូង មានចម្ងាយពីកោះ Luzon របស់ហ្វីលីពីនប្រមាណ២៣០គីឡូម៉ែត្រ ។ ចិនគ្រប់គ្រង ប្រជុំកោះScarborough តាំងពីឆ្នាំ២០១២ ហើយតែងតែ រារាំង ក្រុមអ្នកនេសាទហ្វីលីពីនចូលទៅទីនោះនេសាទត្រី ។

ប៉ុន្តែ ក្រោយពេលដែល ប្រធានាធិបតីហ្វីលីពីនបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០១៦ ចិនបានអនុញ្ញាតឲ្យអ្នកនេសាទហ្វីលីពីនចូលទៅទីនោះនេសាទត្រីបានធម្មតាវិញ។

លោក ឌូទឺរតេ និយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា « លោកអ្នកចង់ឲ្យខ្ញុំធ្វើអ្វី? ប្រកាសសង្គ្រាមជាមួយចិនឬ? ខ្ញុំមិនអាចឡើយ ប្រសិនបើធ្វើបែបនេះ ថ្ងៃស្អែក យើងនឹងបាត់បង់ អ្វីគ្រប់យ៉ាង ក្នុងនោះមានកម្លាំងទាហាន ប៉ូលិស ហើយយើងទាំងអស់គ្នា និងប្រទេសជាតិយើងផងដែរនឹងរងការបំផ្លាញ »។ លោកបញ្ជាក់ទៀតថា ប្រសិនបើមានឱកាស លោកនឹង និយាយទៅកាន់ មេដឹកនាំចិនថា « ទុកឲ្យតំបន់សមុទ្រនោះពង្រីក ធំជាងនេះ ហើយសូមកុំរំខានដល់កម្លាំងយាមល្បាត និងអ្នកនេសាទរបស់យើង» ។

NKD-36x6_outline

កន្លងមក រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក លោក Delfin Lorenzana បានបញ្ជាក់ថា ចិនបានបញ្ជូននាវារុករករ៉ែទៅកាន់តំបន់ Benham Rise ហើយចតនៅទីនោះរាប់ខែ ។ ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ហ្វីលីពីន ដែលត្រូវបាត់បង់ ផលប្រយោជន៍ជាច្រើននៅទីនោះ។

កន្លងមក ប្រធានាធិបតី ឌូទឺរទេ បានបញ្ជាក់ថា ប្រសិនបើចិនមានបំណងខួងយករ៉ែនៅតំបន់ទាំងនោះ ហ្វីលិពីននឹងប្រើប្រាស់សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលក្នុងការរារាំងចិន ។ រដ្ឋាភិបាលហ្វីលីពីន មានការយោគយល់ចិនជាច្រើន ដោយមិនចង់បង្កជម្លោះជាមួយចិននោះឡើយ ខ្លាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស ៕ ម៉ែវ សាធី

de shoal