ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្ស៊ីមបាវ៉េប្រឈមនឹងការដាក់ទោសបើមិនព្រមចុះចេញពីតំណែង

គណបក្សកាន់អំណាច និងអតីតសមាគមអតីតយុទ្ធជនហ្ស៊ីមបាវ៉េបានចេញ ឱសានុវាទស្នើឲ្យប្រធានាធិបតីលាលែងពីតំណែង។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា គឺជាលើកទី១ ដែលប្រធានាធិបតីហ្ស៊ីមបាវ៉េ លោក រ៉ូប៊ើត មូហ្គាបេ បានបង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពីកម្លាំងទាហានឡើងគ្រប់គ្រង អំណាចកាលពីដើមសប្តាហ៍កន្លងមក។ ប្រធានាធិបតី មូហ្គាបេ បានបញ្ជាក់ថា លោកនឹងមិនចុះចេញពីតំណែងឡើយ ដោយបញ្ជាក់ថា លោកជាមេដឹកនាំស្រប ច្បាប់តែមួយគត់នៅហ្ស៊ីមបាវ៉េ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ជាច្រើនមកពីគណបក្សកាន់ អំណាចបានឲ្យដឹងថា គណបក្សនេះចង់ ឲ្យប្រធានាធិបតីចុះចេញពីតំណែង ប្រសិន បើមិនចង់ឲ្យកាត់ទោសទេនោះ។

សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងទាហានហ្ស៊ីមបាវ៉េបានឃុំខ្លួនប្រធានាធិបតីនៅក្នុងផ្ទះ ហើយពេលនេះ បានដាក់ សម្ពាធឲ្យលោកចុះចេញពីតំណែងកាន់តែខ្លាំងឡើង ក្រោយពីអតីតយុទ្ធជន និង មេដឹកនាំជាន់ខ្ពស់នៅក្នុងគណបក្សកាន់ អំណាចក៏ស្នើឲ្យលោកចុះចេញពីតំណែងផងដែរនោះ។ នៅពេលនេះ សាខាគណ បក្សកាន់អំណាច ចំនួន៨ ក្នុងចំណោម១០ បានគាំទ្រឲ្យប្រធានាធិបតីចុះចេញពី តំណែង ក្រោយការកាន់អំណាចជាង៣៧ ឆ្នាំ។

តាមបណ្តាញផ្សព្វផ្សាយហ្ស៊ីមបាវ៉េ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ កម្លាំងយោធាបានបញ្ជាក់ថា លោក មូហ្គាបេ គួរតែលាលែងចេញពីតំណែង ដោយសារតែលោកមានវ័យចាស់ពេក មិនអាចដឹកនាំប្រទេសបានទៀតឡើយ។ គណបក្សកាន់អំណាចបានស្នើឲ្យបើកកិច្ចពិភាក្សាទៅលើសេចក្តីសម្រេចដកហូត តំណែងប្រធានាធិបតី នៅថ្ងៃទី១៩ ខែ វិច្ឆិកា ហើយធ្វើការចោទប្រកាន់ទោស ក្នុងពេលឆាប់ៗនេះ។ ប្រសិនបើប្រធានា ធិបតីនៅតែមិនព្រមចុះចេញទេនោះ ការ ចោទប្រកាន់ទោសលោក នឹងត្រូវធ្វើឡើង នៅថ្ងៃទី២១ ខែវិច្ឆិកា។

អតីតទាហានដែលធ្លាប់រួមដំណើរជា មួយលោក មូហ្គាបេ នៅក្នុងសង្គ្រាមរំដោះជាតិចេញពីអាណានិគមរបស់អង់គ្លេស ក៏បានចេញឱសានុវាទឲ្យប្រធានាធិបតីចាកចេញពីអំណាចផងដែរ។ លោក Chris Mutsvangwa ប្រធានសមាគមអតីត យុទ្ធជន ហ្ស៊ីមបាវ៉េបានបញ្ជាក់ថាលោក មូហ្គាបេ ត្រូវតែសម្រេចចិត្តចុះចេញពី តំណែងឲ្យបានឆាប់បំផុត។

ស្ថានភាពនៅក្នុងប្រទេសហ្ស៊ីមបាវ៉េ បង្កក្តីបារម្ភយ៉ាងខ្លាំងនៅក្នុងតំបន់ ដោយ ប្រទេសជាច្រើន បានអំពាវនាវឲ្យរក្សាការ អត់ធ្មត់ បញ្ចៀសអំពើហិង្សា។ ប៉ុន្តែដោយក្រុមអ្នកកាន់អំណាចក៏ដូចជាគណបក្ស កាន់អំណាចបានគាំទ្រ គឺជារឿងមួយដ៏ ប្រសើរ អាចនឹងមិនមានអំពើហិង្សាកើតឡើងឡើយ។

នៅពេលនេះដែររដ្ឋាភិបាលប្រទេស អាល់ហ្សេរី បានអំពាវនាវឲ្យមានការគោរពតាមបទបញ្ជារដ្ឋធម្មនុញ្ញហ្ស៊ីមបាវ៉េ បន្ទាប់ ពីកងទ័ពបានដណ្ដើមយកអំណាចពីរដ្ឋា ភិបាលកាលពីថ្ងៃពុធ និងបានឃុំខ្លួនប្រធា នាធិបតីលោក មូហ្គាបេ នៅក្នុងផ្ទះរបស់ លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសអាល់ហ្សេរី លោក Abdelaziz Benali Cherif បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសអាល់ហ្សេរីកំពុងតែព្រួយបារម្ភពីការវិវត្តនាពេលថ្មីៗ នៅក្នុងប្រទេស ហ្សុីមបាវ៉េ”។

លោកបានបន្ថែមថា ប្រទេសរបស់ លោកអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ និង ទប់ស្កាត់ដោយខ្លួនឯង ហើយជំរុញឲ្យភាគី ទាំងអស់ ធានានូវការគោរពរដ្ឋធម្មនុញ្ញ និងដើម្បីជៀសវាងការប៉ះទង្គិចដែលអាចប៉ះពាល់ដល់ហ្សុីមបាវ៉េ និងប្រជាជនរបស់ ខ្លួន៕ ម៉ែវ សាធី