ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើមូលនិធិបណ្តោះអាសន្នដំណើរការរដ្ឋាភិបាលឡើងវិញ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មូលនិធិ បណ្តោះអាសន្ន ក្រោយពេលស្ថាប័នកំពូល រដ្ឋសភា និងព្រឹទ្ធសភាអនុម័ត។ មូលនិធិ បណ្តោះអាសន្ន អាចដំណើរការរដ្ឋា ភិបាលបានរហូតដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។ ការសម្រេចខាងលើបាន ជួយរដ្ឋាភិបាលអាមេរិកដំណើរការឡើង វិញក្រោយ៣ថ្ងៃបិទទ្វារ។

ការអនុម័តថវិកាបណ្តោះអាសន្ន គឺ ដើម្បីទុកពេលវេលាឲ្យសភាពិភាក្សាគ្នាឲ្យបានល្អិតល្អន់ ក្នុងនោះមានទាំងកញ្ចប់ ថវិកាសម្រាប់ជនអន្តោប្រវេសន៍ផងដែរ។ នៅពេលនេះ មន្ត្រីបុគ្គលិករដ្ឋរាប់រយពាន់នាក់ បានវិលត្រឡប់មកធ្វើការវិញនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។

កាលពីថ្ងៃទី២២ ខែមករា មានការបោះ ឆ្នោតព្រឹទ្ធសភា ដោយមានសំឡេងគាំទ្រ ៨១ និងប្រឆាំង១៨ ព្រឹទ្ធសភាអាមេរិក បានអនុម័តសម្រេចផ្តល់ថវិកាបណ្តោះ អាសន្ន សម្រាប់ដំណើរការរដ្ឋាភិបាល រហូតដល់ថ្ងៃទី៨ ខែកុម្ភៈ។

សម្រាប់កញ្ចប់ថវិកាបន្ទាន់នេះ គឺងាយនឹងសម្រេចចេញដោយសារតែសមាជិកសភាភាគច្រើនមកពីគណបក្សទាំង២ បានបោះឆ្នោតគាំទ្រក្នុងសំឡេងរួម៨១ សម្លេង ទល់នឹង១៨សំឡេង ដោយក្នុងនោះ សមាជិកជំទាស់មាន២រូប (Rand Paul និង Mike Lee) មកពីគណបក្សសាធារណ រដ្ឋ និង១៦រូបទៀតមកពីគណបក្សប្រជា ធិបតេយ្យ។

គួរបញ្ជាក់ថា ការអនុម័តនូវថវិកា បណ្តោះអាសន្នខាងលើនេះ នឹងអនុញ្ញាត ឲ្យរដ្ឋាភិបាលលោក ដូណាល់ ត្រាំ បន្តកិច្ចការងាររបស់ខ្លួនរហូតដល់ថ្ងៃទី៨ ខែកុម្ភៈ គឺរយៈពេល៨ថ្ងៃមុនពេលកំណត់ នៃការ អនុម័តកញ្ចប់ថវិកាដែលត្រូវបានព្រឹទ្ធ សភាបដិសេធកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។

គួររំលឹកថា គិតចាប់តាំងពីឆ្នាំ១៩៩០ មក មានការជាប់គាំងចំនួន៤លើកហើយ បានកើតមានចំពោះរដ្ឋាភិបាលអាមេរិក ដោយលើកចុងក្រោយបំផុត គឺនៅឆ្នាំ ២០១៣ ក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា ចាប់ពីថ្ងៃទី១ ដល់ទី១៧ ខែកក្កដា ហើយក្នុងអំឡុងពេលនោះ បុគ្គលិករដ្ឋជាង ៨០០,០០០នាក់ ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន៕ ម៉ែវ សាធី