ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ប្រធានាធិបតីអាមេរិកធ្វើឲ្យពិភពលោកវង្វេងអស់ហើយ ដោយប្រកាសថាជំនួបជាមួយលោកគីម ជុងអ៊ុន អាចធ្វើឡើងដូចការគ្រោងទុក

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា ជំនួបពិភាក្សាជាមួយកូរ៉េខាងជើង គីម ជុងអ៊ុន អាចនឹងត្រូវធ្វើឡើងដូចការគ្រោងទុក នៅថ្ងៃទី១២ ខែមិថុនា នៅប្រទេសសឹង្ហបុរី ។

នៅថ្ងៃទី២៥ ខែឧសភា ពេលធ្វើដំណើទៅកាន់មជ្ឈមណ្ឌុលហ្វឹកហ្វឺនកម្លាំងទាហានជើងទឹក នៅរដ្ឋ Maryland ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា ជំនួបពិភាក្សារវាង លោក នឹងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន អាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ ខែមិថុនាដដែល ។ ការប្រកាសរបស់លោក ត្រាំ ក្រោយមួយថ្ងៃ ដែលលោកប្រកាសលុបកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ធ្វើឲ្យពិភពលោកខកចិត្តយ៉ាងខ្លាំង។

ការប្រកាសរបស់លោក ត្រាំ កាលពីថ្ងៃទី២៥ ខែឧសភា គឺផ្ទុយទាំងស្រុងនឹងការប្រកាស់កាលពីមួយថ្ងៃមុន ពាក់ព័ន្ធនឹងជំនួបជាមួយ គីម ជុងអ៊ុន ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា បណ្តាញទំនាក់ទំនង រវាងប្រទេសទាំងពីរនៅតែដំណើរការ ។

និយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានាធិបតីដូណាល់ ត្រាំ បានវាយតម្លៃខ្ពស់ចំពោះ ប្រតិកម្មរបស់កូរ៉េខាងជើង ក្រោយពេលលោកបានផ្ញើលិខិត ទៅកាន់មេដឹកនាំគីម ជុងអ៊ុន ប្រកាសពីការសម្រេចលុបចោលជំនួបខាងលើ ។ លោក ត្រាំ បានចាត់ទុក ប្រតិកម្ម របស់គីម ជុងអ៊ុន មានភាពកក់ក្តៅ និងមានលក្ខណៈស្ថាបនា ទាំងនោះហើយ បានជាលោកសម្រេចតភ្ជាប់ជំនួបកំពូលឡើងវិញ ដូចការគ្រោងទុក ដើម្បីសន្តិភាព ដែលជាការទន្ទឹងរង់ចាំជាយូរណាស់មកហើយ ។

ប៉ុន្តែមកទល់ពេលនេះ ក្រុមអ្នកឯកទេសមិនទាន់អាចសន្និដ្ឋានបានប្រាកដនៅឡើយ ថានឹងមានជំនួប រវាងលោកត្រាំ នឹងគីម ជុងអ៊ុន ។ នៅចុងសប្តាហ៍នេះ មន្ត្រីជាន់ខ្ពស់សេតវិមាន នឹងទៅកាន់ប្រទេសសឹង្ហបុរីដើម្បីរៀបចំ សម្រាប់ជំនួបមេដឹកនាំទាំងពីរ។

ក្រុមអ្នកវិភាគបានលើកឡើងថា មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ពិតជាមានគោលជំហរដូចគ្នា ត្រងចំណុចមួយគឺ «ក្រឡាសសម្តី , បាតដៃខ្នងដៃ» ពេលនេះនិយាយផ្សេង ពេលស្អែកនិយាយផ្សេង ធ្វើឲ្យអ្នកតាមព័ត៌មាន ត្រូវវង្វេងដោយសារតែមេដឹកនាំទាំងពីរនេះជាមិនខាន់ ៕ ម៉ែវ សាធី