ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន NOCC ជំរុញឲ្យសហព័ន្ធកីឡាជាតិនាំយកអត្តពលិកថ្នាលទៅហ្វឹកហាត់នៅកីឡដ្ឋានមរតកតេជោដើម្បីបន្សាំទីលានខ្នាតអន្តរជាតិ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងជំរុញឲ្យគ្រប់សហព័ន្ធកីឡាជាតិទាំងអស់ នាំយកអត្តពលិកថ្នាលរបស់ខ្លួនទៅហ្វឹកហាត់បន្សាំជាមួយទីលាន ដែលមានស្តង់ដាអន្តរជាតិ ត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះ រៀបចំព្រឹត្តិការកីឡាថ្នាក់តំបន់ដ៏ធំនេះ ។

លោកថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពីកម្មវីធីអភិវឌ្ឍអត្តពលិកថ្នាល និងរបៀបធ្វើការជាក្រុម កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅស្នាក់ការ NOCC ក្នុងនោះ លោកក៏បានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៤ធំៗដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ ដើម្បីអភិវឌ្ឍន៍សមត្ថភាពអត្តពលិកថ្នាលឆ្ពោះទៅរកគុណភាព ប្រសិទ្ធភាព នៅពេលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ និងពិភពលោក ។

យុទ្ធសាស្រ្តធំៗទាំង៤ដែលសហព័ន្ធកីឡាជាតិយកទៅអភិវឌ្ឍនោះ ទី១ ប្រសិទ្ធភាពការងាររដ្ឋបាលកីឡាក្នុង និងក្រៅប្រទេស។ ទី២ ការងារអភិវឌ្ឍន៍បច្ចេកទេស ពង្រឹងកម្មវិធីហ្វឹកហាត់ និងការចូលរួមប្រកួត។ ទី៣ការគ្រប់គ្រង និងការរៀបចំព្រឹត្តិការកីឡា និងទី៤ ការខិតខំគៀងគររកមូលនិធិឧបត្ថម្ភគាំទ្រសកម្មភាពសហព័ន្ធរៀងៗខ្លួន ។ ភាពចាំបាច់បំផុតត្រូវការថ្នាក់ដឹកនាំ និងមន្រ្តីបំរើសេវារដ្ឋបាលសហព័ន្ធកីឡាជាតិមានចំណេះដឹងជំនាញរឹង និងជំនាញទន់ មានន័យថា ជំនាញរឹង សំដៅលើទិចនិចបច្ចេកទេស ក្នុងការហ្វឹកហាត់កីឡាជំនាញ ការបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលឲ្យបានត្រឹមត្រូវឆ្លើយតបទៅនឹងតម្រូវការ ។ រីឯជំនាញទន់ គឺសំដៅលើការគ្រប់គ្រងដឹកនាំ និងមានការសហការគ្នាជាក្រុម។

NKD-36x6_outline

លោក បន្តថា យុទ្ធសាស្រ្ត៤នេះសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡា ដូច្នេះសហព័ន្ធគឺជាតួអង្គដ៏សំខាន់ក្នុងការប្រតិបត្តិការបច្ចេកទេសតួនាទីទទួលខុសត្រូវ លើការវាយតម្លៃកម្រឹតបច្ចេកទេសកីឡារបស់ខ្លួន និងបង្កើនគុណផលកីឡាកម្រឹតខ្ពស់ ឲ្យមានប្រសិទ្ធិភាព។ ការអភិវឌ្ឍអត្តលិកថ្នាល់នាពេលនេះ វាហាក់បីដូចជាចំណេះដឹងថ្មីសម្រាប់គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡា កន្លងមកយើងធ្លាប់បានតែបណ្តុះបណ្តាលជំនាញលើអត្តពលិកពេញវ័យ និងក្រុមកីឡាជម្រើសជាតិពេញវ័យ ។ ប៉ុន្តែចំណេះជំនាញបង្ហាត់មិនទាន់មានភាពច្បាស់លាស់នៅឡើយទេក្នុងរយៈពេលមួយឆ្នាំពីរឆ្នាំកន្លងទៅ។ ដូច្នេះសិក្ខាសាលាខាងលើ វាជាឱកាសសំខាន់សម្រាប់សិក្ខាកាមទាំងអស់បានឈ្វេងយល់ពីការបង្ហាត់បណ្តុះបណ្តាលអត្តពលិកវ័យក្មេង។ អត្តពលិកថ្នាលមានទេពកោសល្យ និងរបៀបហ្វឹកហាត់ខុសពីមនុស្សពេញវ័យ មានន័យថា អត្តពលិកថ្នាលការហ្វឹកហាត់របស់ពួកគេពីងាយស្រួលទៅលំបាក ពីលំបាក់ទៅស្មុគស្មាញ ហើយពីស្មុគស្មាញមកងាយស្រួលវិញ ពោលការហ្វឹកហាត់កីឡាជំនាញរបស់អត្តពលិកកីឡាវ័យក្មេងគឺត្រូវកសាងមូលដ្ឋានបច្ចេកទេស បន្សាំបច្ចេកទេស ហើយសន្សំមូលដ្ឋានគុណភាពកម្លាំងកាយឲ្យរឹងមាំ ៕ សារីម