ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធស្លាប់ ប្ដីរងរបួស ព្រោះតែរថយន្តដឹកសសរគ្រឹះបើកលឿន បុកពួកគាត់កំពុងជិះម៉ូតូឌុបគ្នាពីក្រោយ ពេញទំហឹងនៅផ្លូវ៥០ម៉ែត្រ

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ៥០ម៉ែត្រ ស្រាប់តែត្រូវរថយន្តធន់ធំដឹកសសរមួយគ្រឿង បានបើកបរលឿនជ្រុលបុកពេញទំហឹងបណ្តាលឲ្យកិនប្រពន្ធស្លាប់ និងប្តីរងរបួស​ កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី​៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុង​(៥០ម៉ែត្រ) ក្នុងភូមិអន្លង់គង​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

បើតាមសម្ដីបុរសជាប្តីបានរៀបរាប់ទាំងទឹកភ្នែក​ទាំងដៃឱបសពប្រពន្ធ​ថា​ រាល់ថ្ងៃពួកគាត់មានជីវិតក្រីក្រណាស់ រកមួយថ្ងៃហូបមួយថ្ងៃ​ ដោយថ្ងៃនេះ គាត់បានជិះម៉ូតូមួយគ្រឿងឌុបប្រពន្ធចេញពីកន្លែងរើសអេតចាយដើម្បីមករកទិញម្ហូបហូប​ តែអកុសលពេលកំពុងជិះម៉ូតូសុខៗ ស្រាប់តែមានឡានធុនធំមួយគ្រឿងបើកបរយ៉ាងលឿនមកពីក្រោ យក៏ជ្រុលបុកគាត់ពេញទំហឹងបណ្តាលឲ្យដួលម៉ូតូ ធ្វើឲ្យប្រពន្ធគាត់ខ្ទាតចូលក្រោមរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម ចំណែករូបគាត់បានរងរបួសស្រាល។

លោកបន្តថា ប្រពន្ធគាត់មានឈ្មោះ​ ស៊ុន​ យេញ​ អាយុ៤៣ឆ្នាំ​ មានមុខរបរជាអ្នករើសអេតចាយ​ ស្នាក់នៅម្តគំនរសំរាម​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងដែរថា ក្រោយពេលកើតហេតុរថយន្តបានព្យាយាមបើកគេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចដែលយាមតាមគោលដៅដេញរហូតឃាត់បានទាំងតៃកុងរថយន្ត និងរថយន្តបង្កហើយយកទៅកាន់ស្នាក់ការប៉ុស្តិ៍ភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានកម្លាំងមូលដ្ឋានសហការជាមួយកម្លាំងជំនាញចុះវាស់វែងអូសយកម៉ូតូ និងរថយន្តបង្ករួមទាំងតៃកុងរថយន្តយកទៅកាន់ការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ។

ចំណែកសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ