ព័ត៌មានទាន់ហេតុការណ៍៖

ប្រមូលកាកសំណល់ ២៧គ្រាប់នៅស្រុកក្រគរ និងស្រុកវាលវែង ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ មន្ត្រីជំនាញគ្រាប់រំសេវ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ស្រុកវាលវែង និងស្រុកក្រគរ សហការគ្នាចុះប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៦គ្រាប់ ខណៈដែលប្រទះឃើញនៅតំបន់ផ្សេងៗ ក្នុងតំបន់នានា មូលដ្ឋានរបស់ខ្លួន ។

នគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង១១ និង០០នាទី ព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ កម្លាំងសមត្ថកិច្ចបានចុះសហការជាមួយប្រជាពលរដ្ឋ ប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ១៩គ្រាប់ មានបួនប្រភេទ ទី១ ប្រភេទ ៦០មីល្លីម៉ែត្រចំនួន ១៣គ្រាប់ ទី២ ប្រភេទ ៤៥មីល្លីម៉ែត្រចំនួន ០៦គ្រាប់ ហើយនៅប៉ុស្ដិ៍នគរបាលរដ្ឋស្នាអន្សា កម្លាំងបានប្រគល់គ្រាប់បែកដៃ (ផល្លិតនៅប្រទេសចិន)ចំនួន ០១គ្រាប់ផងដែរ ដល់មន្រ្តីអង្កការហេឡូត្រាស ។

ដោយឡែក៖ នៅស្រុកវាលវែង នាព្រឹកថ្ងៃដដែលនោះ ស្ថិតក្នុងភូមិក្រពើពីរ ឃុំក្រពើពីរ ស្រុកវាលវែង ត្រូវបាននគរបាលនៃអធិការដ្ឋានស្រុកវាលវែងប្រាប់ថា ប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ០៧គ្រាប់ផងដែរ ជាប្រភេទគ្រាប់បេ ៤០ ដើម្បីប្រគល់ជូនមន្ត្រីជំនាញ ។

ប្រភពពីនគរបាលដដែលខាងលើបន្តទៀតថា កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់នៅពី៏សម័យកាលសង្គ្រាមដ៏យូរលង់នៅប្រទេសកម្ពុជានេះ ហើយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញ និងប្រជាពលរដ្ឋប្រមូលបានខាងលើ បានប្រគល់ជូនមន្រ្តីជំនាញគ្រាប់រំសេវ(អង្គការហេឡូត្រាស) ហើយគ្រាប់ទាំងនោះ តំបន់ខ្លះមានស្ថានភាពលំបាកខ្លាំង ក៏សម្រេចកម្ទេចចោលនៅនឹងកន្លែងអស់មួយចំនួន និងមួយចំនួនទៀតបានប្រមូលយកទៅកន្លែងបច្ចេកទេសដើម្បីបន្តនីតិវិធី ៕  បឹុម ពិន