ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ប្រាក់១លាន១សែន៣ម៉ឺនដុល្លារត្រូវខាតបង់ក្រោមឯកសារផ្លូវច្បាប់ក្លែងបន្លំ

ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងជាមេបញ្ជាការ កងរាជអាវុធ ហត្ថរាជធានីភ្នំពេញបានចេញមុខអំពាវនាវដល់មហាជន សូមឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ ចំពោះល្បិចកលជនខិលខូច ក្នុង សម័យទំនើប ។ បន្ទាប់ពីអាវុធហត្ថរាជធានី ភ្នំពេញបង្ក្រាបករណីឆបោក២ ករណី​ផ្ទួនៗ​គ្នា ដែលធ្វើឲ្យជនរងគ្រោះខាតបង់​ប្រាក់ជាង១លានដុល្លារ​​ ។

ពាក់ព័ន្ធនឹងករណីឆបោកនេះ កាល ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ អាវុធ ហត្ថរាជធានីភ្នំពេញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ សុំមិនបញ្ចេញអត្ត​សញ្ញាណ បានប្តឹងពីជនសង្ស័យ៨នាក់ ដែលបានរៀបគម្រោងឆបោកជាប្រព័ន្ធ មកលើរូបគាត់រហូតធ្វើឲ្យខាតបង់ប្រាក់​អស់ចំនួន ៨៣ម៉ឺនដុល្លារ​។

ជនរងគ្រោះបានឲ្យដឹងថា ក្នុងអំឡុង ខែធ្នូ ឆ្នាំ២០១៧ មានបុរសម្នាក់ឈ្មោះ ប្រុស ម៉ៅ បានទំនាក់ទំនងគាត់ ឲ្យជួយ លក់ដីមួយកន្លែង ដែលមានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនត្រឹមត្រូវ ចេញដោយ មន្ទីរសុរិយោដី មានទីតាំងនៅភូមិ៨ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លក់ក្នុងតម្លៃទាបជាងទីផ្សារ ។ ក្រោយ​ពេលទទួលបានព័ត៌មាន រូបខ្លួន(ជន រងគ្រោះ)បានឲ្យក្រុមការងារចុះទៅជួបជាមួយម្ចាស់ដី ដើម្បីពិនិត្យប្លង់ និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិឃើញ​ថា មាន ភាពត្រឹមត្រូវទាំងអស់ ទើបជនរងគ្រោះ បានសម្រេចចិត្តទិញដីនោះ និងបានកក់ ប្រាក់៣លើកជាបន្តបន្ទាប់ សរុបចំនួន៤០ ម៉ឺនដុល្លារ។

ជនរងគ្រោះបន្តថា ក្នុងអំឡុងពេល ដំណើរការផ្ទេរកម្មសិទ្ធិ ក្រុមជនសង្ស័យ ខាងលើបានណែនាំម្ចាស់ដី៣ក្រុមផ្សេងទៀតមកជួបជាមួយខ្លួន ដើម្បីឲ្យជួយទិញ ដីក្នុងនោះ ដោយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៥ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ មាន​ឯកសារគ្រប់គ្រាន់ មានទីតាំងនៅភូមិធម្ម​ត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៨ម៉ឺន ដុល្លារ ទិញដីមួយប្លង់ទៀត មានទីតាំង នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ និងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះក៏បានកក់ប្រាក់ចំនួន១០ម៉ឺនដុល្លារ ទិញដីមួយ ប្លង់បន្ថែមទៀត នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ។

លុះក្រោយមកឯកសារផ្ទេរកម្មសិទ្ធិដីទី១ ដែលជនរងគ្រោះកំពុងដំណើរការត្រូវបានភូមិបាលខណ្ឌទួលគោករកឃើញថា ជាប្លង់ដីក្លែងក្លាយ។ ឮដូចនេះជនរងគ្រោះក៏ទំនាក់ទំនងទៅម្ចាស់ដីនោះវិញ តែមិន អាចទំនាក់ទំនង បានទើបជនរងគ្រោះ​ដឹងថា រូបគាត់ត្រូវបានជនសង្ស័យខាងលើបោកប្រាស់។ ខណៈនោះជនរងគ្រោះនឹក​ឃើញ​​ថា គាត់នៅមានដី៣ប្លង់ផ្សេងទៀត ដែលកំពុងរត់ឯកសារទិញជាបន្តបន្ទាប់ តាមរយៈការចង្អុលបង្ហាញ ពីក្រុមជន​សង្ស័យ​ខាងលើគាត់ក៏សើរើយកមកពិនិត្យឡើងវិញទើបដឹងថា សុទ្ធតែជាឯកសារ​ក្លែង​ក្លាយទាំង អស់ ហើយម្ចាស់ដីទាំងនោះ ក៏មិនអាចទំនាក់ទំនងបានទៀតដែរ ។ ទើប​ ជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅ បញ្ជាការដ្ឋានកង រាជអាវុធហត្ថរាជធានី ភ្នំពេញតែម្តង។

ក្នុងករណីនេះអាវុធហត្ថរាជធានី​ភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ និងបានរក​ឃើញថា ក្រុមនេះក៏ជាប់ពាក់ព័ន្ធជាមួយ​ជនសង្ស័យ៣នាក់ ដែលបានឆបោកដោយ​ប្រើរូបមន្តតែមួយ ធ្វើឲ្យជនរងគ្រោះផ្សេង​ទៀតខាតបង់ប្រាក់អស់៣០ម៉ឺនដុល្លារ ហើយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញទើបតែបង្ក្រាបបាន កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨។ ក្រៅពីនេះនៅមានជនជាប់ពាក់ព័ន្ធ៦នាក់ផ្សេងទៀត ដែលអាវុធ​ហត្ថ​រាជធានីភ្នំពេញ កំពុងស្នើសុំដីកាស្វែងរកចាប់ខ្លួន។

ជនសង្ស័យទាំង៤នាក់ដែលអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនខាងលើនេះ ទី១.ឈ្មោះ ធូ សុភ័ក្រ ហៅឡាយ ថាវី កើត​ឆ្នាំ១៩៨៤ ទី២.ឈ្មោះ រើន សារាន់នី ភេទ​ប្រុស ឆ្នាំកំណើត១៩៨៦ ទី៣.ឈ្មោះ ណម ង៉ែត ភេទស្រី ឆ្នាំកំណើត១៩៦៩ ទី៤.​​ឈ្មោះ ព្រំ ខន ភេទប្រុស ឆ្នាំកំណើត​១៩៥០។ ចំណែកជនសង្ស័យ៣នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានកាលពីថ្ងៃទី៧ ខែមីនា ទី១.ឈ្មោះ ខេង វាសនា ភេទប្រុស ឆ្នាំកំណើត១៩៨០ ទី២.ឈ្មោះ ឈឹម សំអ៊ន់ ភេទប្រុស ឆ្នាំកំណើត១៩៧៥ ទី៣.ឈ្មោះ កេន ស្រី ភេទស្រី ឆ្នាំកំណើត​១៩៩២។

ដោយឡែកជនសង្ស័យដែលសមត្ថ​កិច្ចកំពុងស្វែងរកចាប់ខ្លួន ទី១.ឈ្មោះ ង៉ា ភេទប្រុស ទី២.ឈ្មោះ ណា ភេទស្រី ទី៣.ឈ្មោះ ផាន ភេទប្រុស ទី៤.ឈ្មោះ ដា ភេទស្រី ទី៥.ឈ្មោះ លីម ភេទប្រុស និង​ទី៦.ឈ្មោះ ឡេង ភេទស្រី។ ដូច្នេះ បើ​បងប្អូនណាបានស្គាល់ និងមានដំណឹងពី​ជនសង្ស័យដូចបានបង្ហាញក្នុងរូបភាព សូមរាយការណ៍មកសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៧ ៨១៨១៧១ នោះជនរងគ្រោះ ដែលជា​ម្ចាស់ដីនឹងមានជូនជាសាគុណ ៕ ហេង សូរិយា