ព័ត៌មានទាន់ហេតុការណ៍៖

ប្រាប់ថាប្រពន្ធគេមានសហាយ គេមិនជឿ បែរជាទៅយកពូថៅតាមកាប់

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអភិការដ្ឋាននគបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃកប្បាស ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះយកពូថៅ ទៅតាមកាប់ជនរងគ្រោះដល់ផ្ទះ តែមិនបានសម្រេច ដោយគ្រាន់តែប្រាប់ថា ប្រពន្ធជនរងគ្រោះមានសហាយតែគេមិនស្តាប់ ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៧វេលាម៉ោង ១៩ និង ៣០ នាទី ស្ថិតនៅភូមិ ព្រៃកប្បាស(គ) ឃុំព្រៃកប្បាស ស្រុក ព្រៃកប្បាស ខេត្តតាកែវ ។

NKD-36x6_outline

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ទេព វណ្ណៈ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ចំណែកជនរងគ្រោះមានឈ្មោះ ប៉ែន ផល ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា នៅថ្ងៃកើតហេតុជនសង្ស័យបានដើរទៅផ្ទះជនរងគ្រោះ ហើយបានប្រាប់ទៅជនរងគ្រោះថា ប្រពន្ធរបស់ជនរងគ្រោះ មានសហាយ តែជនរងគ្រោះបានប្រាប់វិញថា ឯងមិនបាច់និយាយទេ ទុកមាត់ហូបបាយទៅ ហើយក៏មានការទាស់សម្តីគ្នាបន្តិចបន្តួច បន្ទាប់មក ជនសង្ស័យបានទៅយកពូថៅមកកាប់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យបែកក្បាលម៉ូតូ ដោយខ្លាចជនសង្ស័យកាប់ ជនរងគ្រោះ រួមទាំងក្រុមគ្រួសារបាននាំគ្នាឡើងទៅលើផ្ទះ ហើយក៏ត្រូវបានជនសង្ស័យយកពូថៅតាមកាប់ តែនៅពេលដែលជនសង្ស័យបានឡើងដល់ពាក់កណ្តាលជណ្តើរ ក៏ត្រូវបានសមត្ថកិច្ចទៅដល់រួចឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមច្បាប់៕ ភ្នំដា