ព័ត៌មានទាន់ហេតុការណ៍៖

ប្រាសាទកំពូលបីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវបានកាត់ស្ទូចយកចេញតាមការកំណត់

ប៉ោយប៉ែត៖ បន្ទាប់ពីអាជ្ញាធរក្រុងប៉ោយប៉ែត ប្រកាសផ្សព្វផ្សាយពីការលើកតួប្រាសាទកំពូលបី ទាំងមូលជាច្រើនខែកន្លងមក នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត យកទៅដាក់នៅរង្វងមូល ដែលជាទីតាំងថ្មី និងរៀបចំកែលម្អរចនាបថ្មឲ្យល្អជាងមុន ព្រមទាំងចំណាយទឹកប្រាក់រហូតជិត៥០ម៉ឺនដុល្លារ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ គេឃើញអភិបាលរួមមន្ត្រីក្រុងប៉ោយប៉ែត និងសមត្ថកិច្ច ជាច្រើនធ្វើចរាចរណ៍ក្នុងការងាយស្រួលដើម្បីលើកយកប្រាសាទកំពូលបីចេញ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

នៅលើតួប្រាសាទគេឃើញក្រុមជាងកាត់យកជាបំណែកៗ មិនមែនស្ទូចទាំងតួប្រាសទម្តងទាំងអស់នោះទេ ។

លោកសាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបញ្ជាក់ ថា ថ្ងៃនេះស្ទូចយកតែកំពូលប្រាសាទទាំង៣សិន ចំណែកតួប្រាសាទទាំងមូលខាងជាង នឹងកាត់ជា៣បំណែកដូចគ្នា ប៉ុន្តែអាចស្ទូច(តួប្រាសាទ)នៅសប្តាហ៍ក្រោយ ។ ដោយឡែក គ្រោងឆ្អឹងដែក ដែលជាទម្រប្រាសាទទាំងមូល នាពេលកន្លងមក គឺយកទៅធ្វើជាស្ពាននៅចំណុចភូមិណាមួយនាពេលខាងមុខ ។

លោកបន្តថា កំពូលប្រាសាទទាំង៣ និងតួប្រាសាទក្រោយកាត់ និងស្ទូចចុះរួច និងយកទៅរក្សាទុកចំណុចបរិវេណកាស៊ីណូក្រែន ដាយម៉ឹនស៊ីធីបណ្តោះអាសន្នសិន ទម្រាំកសាងគ្រិះនៅចំណុចរង្វង់មូលហើយ ។ ម្យ៉ាងទៀតការសម្រេចសមិទ្ធផលនេះបានដោយសារតែបងប្អូនសប្បុរសជនយើងនៅក្រុងប៉ោយប៉ែត ផ្ដល់កម្លាំងចិត្តឲ្យធ្វើការសម្រេចបានជោគជ័យគ្រប់ភារកិច្ច ។

លោកបញ្ជាក់ថា ប្រហែលចុងខែធ្នូ ឆ្នាំ២០១៨ ទើបប្រាសាទកំពូលបីខាងលើ នឹងលេចចេញជារូបរាងទាំងស្រុងជាមួយនឹងក្បូរក្បាច់រចនាដ៏អស្ចារ្យលើបរិវេណរង្វង់មូល ព្រោះថា កន្លងមក មានការយឺតយ៉ាវដោយសារតែអ្នកស្វានគ្រឹះ គួបផ្សំជាមួយរដូវវស្សា និងមានភ្លៀងធ្លាក់ច្រើន ទើបមានការកកស្ទះនៅកន្លែងការដ្ឋានសាងសង់ ៕ វណ្ណា